កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹកខេត្តកំពង់ឆ្នាំង ចុះល្បាតផ្សព្វផ្សាយអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវទឹក នៅតំបន់ផ្សារឆ្នាំង និងឃុំឆ្នុកទ្រូ

កំពង់ឆ្នាំង៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមទិសដៅការងាររបស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក បានចុះល្បាតត្រួតពិនិត្យ និងធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់ម្ចាស់ជលយានយន្តដែលធ្វើចរាចរណ៍លើផ្លូវទឹក នៅភូមិកណ្តាល ភូមិចុងកោះ ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និងនៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។

ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលបានផ្សព្វ ផ្សាយ និងណែនាំអំពីវិធានការសុវត្ថិភាពចរា ចរណ៍ផ្លូវទឹក ដូចខាងក្រោម៖

១. មិនត្រូវបើកបរជលយានយន្តក្នុងស្ថានភាពស្រវឹង។
២. ហាមក្មេងមិនទាន់គ្រប់អាយុក្រោម ១៥ ឆ្នាំ បើកបរជលយានយន្ត។
៣. មិនត្រូវបើកបរជលយានយន្តក្នុងល្បឿនលឿនក្នុងទីប្រជុំជន។
៤. គ្រប់ជលយានយន្តធ្វើចរាចរណ៍តាមផ្លូវទឹក ត្រូវបើកបរប្រកាន់ស្តាំជានិច្ច។
៥. គ្រប់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ ត្រូវបំពាក់ភ្លើងហ្វាបំភ្លឺនៅពេលយប់។
៦. មិនត្រូវដាក់សម្ភារៈ រឺ ទំនិញផ្សេងៗ និងមនុស្សលើសចំណុះ។
៧. មុនចេញដំណើរ ម្ចាស់កាណូតត្រូវបំពាក់ឧបករណ៍សង្គ្រោះដូចជា៖ ពោងសង្គ្រោះ ម៉ាស៊ីនបូមទឹក បំពង់ពន្លត់អគ្គីភ័យ ថ្នោលសម្រាប់ដោល និងអ្នករួមដំណើរត្រូវពាក់អាវពោងសុវត្ថិភាពទាំងអស់គ្នា។
៨. គ្រប់អាជីវករដែលលក់ដូរនៅលើទូកតាមមាត់ច្រាំងទន្លេ ត្រូវជួយសំអាតអនាម័យឲ្យបានស្អាត។

ប្រតិបត្តិការផ្សព្វផ្សាយអប់រំនេះ មានគោលបំណងលើកកម្ពស់សុវត្ថិភាពក្នុងការធ្វើចរាចរណ៍ផ្លូវទឹក កាត់បន្ថយគ្រោះថ្នាក់ និងធានាដល់ជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋឱ្យមានសុវត្ថិភាពខ្ពស់បំផុត។