អភិបាលរងខេត្តកំពង់ឆ្នាំង នាំក្រុមការងារ និងព្រះសង្ឃ នាំជំនួយសប្បុរសជន ផ្តល់ជូនប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ទ្រាក់នៅស្រុកកំពង់លែង

កំពង់ឆ្នាំង៖ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង រួមជាមួយព្រះសង្ឃ អភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក ក្រុមការងារស្រុកកំពង់លែង និងអាជ្ញាធរឃុំផ្លូវទូក បាននាំយកថវិកា និងសម្ភារៈជំនួយសប្បុរសជន ទៅផ្តល់ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ទ្រាក់ ដែលបណ្តាលឱ្យផ្ទះរលំទាំងស្រុងចំនួន ៦គ្រួសារ នៅ ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។

ការចុះជួយផ្ទាល់នេះ ធ្វើឡើងដើម្បីបង្ហាញពីការ យកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរមូលដ្ឋាន ចំពោះការលំបាករបស់ប្រជាពលរដ្ឋដែលទទួលរងគ្រោះថ្នាក់ពីធម្មជាតិ។ ជំនួយដែលនាំ យកទៅផ្តល់ជូនរួមមាន ថវិកា និងសម្ភារៈផ្សេងៗ ដើម្បីជួយសម្រាលទុក្ខលំបាក និងជួយសាងសង់ ផ្ទះឡើងវិញ។

សូមរំលឹកថា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១២ៈ៣០ នាទីយប់ មានភ្លៀងធ្លាក់មួយមេខ្លាំង រួមជាមួយខ្យល់កន្ទ្រាក់យ៉ាងខ្លាំង បណ្តាលឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋនៅក្នុងឃុំផ្លូវទូក។ ឧបទ្ទវហេតុនេះបានបណ្តាលឱ្យផ្ទះសំបែងរបស់ប្រជាពលរដ្ឋខូចខាត និងរលំទាំង៎ស្រុង ចំនួន ៣៥ខ្នង ក្នុង៣ភូមិ រួមទាំងប្រជាពល រដ្ឋ ៦នាក់រងរបួសផងដែរ។

ប្រជាពលរដ្ឋដែលទទួលបានជំនួយបានសម្តែងនូវការដឹកនាំអរគុណយ៉ាងកក់ក្តៅ ចំពោះថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងសប្បុរសជនទាំងអស់ ដែលបាននាំមកនូវជំនួយទាន់ពេលវេលា។