លោកជំទាវ ប៊ន សុភី ដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល និងនាំយកថវិកា ព្រមទាំងសម្ភារៈរបស់កាកបាទក្រហមខេត្ត ប្រគល់ជូនដល់ប្រជាពលរដ្ឋចំនួន៣៥គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ នៅឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំងៈរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ប៊ន សុភី អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង និងជាតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ចុះជួប សំណេះសំណាល និងនាំយកថវិកា ព្រមទាំងសម្ភារៈសម្រាប់ជួយសង្គ្រោះបន្ទាន់ ប្រគល់ជូនដល់ប្រជាពលរដ្ឋចំនួន៣៥គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង១២៖៣០នាទី យប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ មានភ្លៀងធ្លាក់មួយមេផ្គរ រួមទាំងខ្យល់កន្ត្រាក់ខ្លាំង បណ្តាល ឱ្យ ប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ដោយមានផ្ទះចំនួន៣៥ខ្នង ត្រូវខូចខាត ក្នុងនោះ៖ ភូមិពាមខ្នងរលំទាំងស្រុង ០៦ខ្នង និងរបើកដំបូល ១៥ខ្នង (សរុប២១ខ្នង),
ភូមិថ្នល់ឈើទាល រលំ និងរបើកដំបូល ១៣ខ្នង,
ភូមិស្លត របើកដំបូល ០១ខ្នង ។ ករណីនេះក៏បណ្តាលឱ្យមានប្រជាពលរដ្ឋរងរបួសស្រាលចំនួន០៦នាក់ផងដែរ។

លោកជំទាវ ប៊ន សុភី បានពាំនាំនូវការផ្ដាំផ្ញើសេចក្តីរាប់អាន និងក្តីកតញ្ញូតាពីសំណាក់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងជាអភិបាលខេត្ត ដល់ប្រជាពលរដ្ឋដែលរងគ្រោះ ព្រមទាំងបានណែនាំឱ្យក្រុមការងារសាខាកាកបាទក្រហមខេត្ត និងអាជ្ញាធរមូលដ្ឋាន បន្តតាមដាន និងផ្តល់ជំនួយបន្ថែម ដើម្បីជួយសម្រួលការរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។

ប្រជាពលរដ្ឋដែលទទួលបានជំនួយ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា និងអាជ្ញាធរខេត្ត ដែលបានយកចិត្តទុកដាក់ និងឆ្លើយតបយ៉ាងទាន់ពេលវេលា។