កំពង់ឆ្នាំង៖ ក្រុមប្រឹក្សាខេត្ត គណអភិបាលខេត្ត កំពង់ឆ្នាំងរួមនឹងមន្ត្រីរាជការ អាជ្ញាធរក្រោមឱវាទ កាលពីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦បានរៀបចំពិធីទទួលអំណរសាទរទេវតាឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត មន្ត្រីរាជការ អភិបាលក្រុង ស្រុក យ៉ាងច្រើនកុះករ។
ពិធីនេះផងដែរបានធ្វើឡើងទៅតាមប្រពៃណីទំនៀមទំលាប់ ដែលប្រជាពលរដ្ឋគ្រប់លំនៅដ្ឋាន អង្គភាព ស្ថាប័ន សាលារៀន ក្រុមហ៊ុនទាំងរដ្ឋ និងឯកជន សុទ្ធតែបានរៀបចំគ្រឿងសក្ការៈបូជា ផ្លែឈើ ផ្កាភ្ញី គ្រឿងក្រអូប សម្រា ប់ទទួលទេវតាឆ្នាំថ្មី ព្រះនាម «រាក្យសាទេវី» ដែលចុះមកឃុំគ្រងដែនជម្ពូរទ្វីប ជំនួសទេវតាឆ្នាំចាស់ ទៅតាមប្រពៃណីទំនៀមទំលាប់ខ្មែរ។
ទេវតាឆ្នាំថ្មី បានចុះមកគ្រប់គ្រងផែនដីជំនួសទេវតា ឆ្នាំចាស់ គឺឆ្នាំមមី សង្គ្រាន្ត ចូលនៅថ្ងៃអង្គារ៍ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦។រដ្ឋបាលខេត្តកំពង់ ឆ្នាំងបានរៀបចំតុបតែងលំអរសោភណ្ឌភាពយ៉ាងស្រស់ត្រកាល តាមរយៈការលំអរភ្លើងចម្រុះ កន្លែងប្រគុំតន្ត្រី កន្លែងលេងល្បែងរបាំប្រជាប្រិយ៌ដែលរៀបចំឡើងដោយក្រុង-ខេត្ត ដោយសហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដើម្បីឲ្យមានភាពអធិកអធមជាងបណ្តាឆ្នាំមុនៗ ។
នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី ក្នុងន័យលើកកម្ពស់សន្តិសុខ សណ្តាប់ធ្នាប់ក្នុងទីក្រុង និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវលើកកម្ពស់ការយកចិត្តទុកដាក់ការពារគ្រោះអគ្គីភ័យ ដែលអាចកើតមានជាយថាហេតុ ដោយសារការធ្វេសប្រហែស។ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវ គោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ ។
ដើម្បីអបអរសាទរទទួលទេវតាឆ្នាំថ្មីប្រពៃណីជាតិឆ្នាំមមី នាឱកាសនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង នឹងរៀបចំសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ដែលនឹងរៀបចំអោយមានលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ រួមនិងការដាក់តាំងបង្ហាញពិពណ៌ភូមិមួយផលិតមួយរបស់រដ្ឋបាលក្រុង ស្រុក ជូនដល់បងប្អូនប្រជាពលរដ្ឋចូលរួមទស្សនា នៅរដ្ឋបាលខេត្តកំពង់ឆ្នាំង ។
សូមមកចូលរួមលេងកំសាន្តទាំងអស់គ្នា ដោយក្តីសប្បាយរីករាយ ។
