កំពង់ឆ្នាំង៖លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង និងលោក ឆាយ លាភា ប្រធានមន្ទីរ សាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញ ជួបសំណេះសំណាល និងជូនដំណើរ ប្រជាពល រដ្ឋ កម្មករ កម្មការិនី ដែលបានមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល៣ថ្ងៃ ដោយបានចាប់ផ្តើមវិលត្រឡប់ទៅកន្លែងធ្វើការវិញ។
កម្មវិធីនេះបានរៀបចំឡើងនៅចំណតរថយន្តក្រុងខេត្តកំពង់ឆ្នាំង ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ដោយមានការរៀបចំរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ដឹកប្រជាពលរដ្ឋ កម្មករ កម្មការិនី ត្រឡប់ទៅភ្នំពេញ និងតាមទីតាំងធ្វើការដោយ ឥតគិតថ្លៃ។
លោក យិន សាវ៉េន បានមានមតិសំណេះ សំណាល និងផ្តាំផ្ញើដល់បងប្អូនកម្មករ កម្មការិនី ឱ្យធ្វើដំណើរដោយប្រយ័ត្នផ្លូវ និងបន្តខិតខំប្រឹងប្រែងធ្វើការងារ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិបន្ថែមទៀត។ លោកក៏បានសង្ឃឹមថា បងប្អូននឹងមានសុខភាពល្អ និងជួបតែសេចក្តីសុខសាន្តក្នុងការធ្វើដំណើរ។
ការរៀបចំដឹកជញ្ជូនដោយឥតគិតថ្លៃនេះ គឺជាការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងការជួយសម្រួលដល់ប្រជាពលរដ្ឋ និងកម្មករដែលត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា។
