ឯកឧត្តម នេត្រ ភក្ត្រា៖ ចំនួន Like ចំនួន Share និង View មិនអាចលើសពីតម្លៃសីលធម៌ សច្ចធម៌ និងការទទួលខុសត្រូវសង្គម

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ក្នុងនាមជាអ្នកសារព័ត៌មាន អ្នកផលិតមាតិកា ពិធីករ ពិធីការិនី និងអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម គ្រប់គ្នាត្រូវចងចាំជានិច្ចថា ចំនួន Like ចំនួន Share និងចំនួន View មិនអាចក្លាយជាគោលដៅសំខាន់ លើសពីតម្លៃសីលធម៌ សច្ចធម៌ សុចរិតភាព និងការទទួលខុសត្រូវចំពោះសង្គមឡើយ។

ឯកឧត្តមបានធ្វើការលើកឡើងបែបនេះក្នុងឱកាសបិទសិក្ខាសាលាស្តីពី “រួមគ្នាលើកកម្ពស់សីលធម៌ តាមរយៈការផ្សព្វផ្សាយ” ដែលរៀបចំដោយក្រសួងព័ត៌មាននៅ ទីស្តីការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា អ្នកមានវត្តមាននៅលើប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម មានឥទ្ធិពលយ៉ាងខ្លាំងទៅលើការគិត ការយល់ឃើញ រសនិយម និងឥរិយាបថរបស់សាធារណជន ជាពិសេសយុវជន។ ដូច្នេះមាតិកាដែលផលិត និងផ្សព្វផ្សាយ ត្រូវផ្អែកលើ ការពិត ភាពត្រឹមត្រូវ គុណធម៌ សីលធម៌ សច្ចធម៌ សុច រិតភាព និងការគោរពតម្លៃមនុស្ស។ «មាតិកាល្អមិនត្រឹមតែទទួលបានការចាប់អារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែត្រូវជួយលើកកម្ពស់ចំណេះដឹង សីលធម៌ សេចក្តីថ្លៃថ្នូរ និងសាមគ្គីភាពក្នុងសង្គម»។

ឯកឧត្តមបានគូសបញ្ជាក់ទៀតថា ការចុច Like មួយអាចបាត់ទៅវិញ ប៉ុន្តែឥទ្ធិពលអវិជ្ជមាននៃមាតិកាខុសសីលធម៌អាចនៅសេសសល់ក្នុងចិត្តយុវជន និងសង្គមយូរអង្វែង។ សេរីភាពនៃការផ្សព្វផ្សាយ និងការបញ្ចេញមតិគឺជាសិទ្ធិសំខាន់ ប៉ុន្តែសេរីភាពនេះត្រូវដើរទន្ទឹមគ្នានឹងការទទួលខុសត្រូវ ការគោរពច្បាប់ សីល ធម៌ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។ សេរីភាពគ្មានការទទួលខុសត្រូវ អាចក្លាយជាហានិភ័យដល់សង្គម និងតម្លៃវប្បធម៌ជាតិ។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយសេចក្តីណែនាំអន្តរក្រសួង ដើម្បីជំរុញការលើកកម្ពស់វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និងសីល ធម៌ជាតិខ្មែរ ជាពិសេសការថែរក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ និងគុណតម្លៃស្ត្រីក្នុងបរិបទឌីជីថល។ សិក្ខាសាលាមានការចូលរួមពីបណ្តាអ្នកសារព័ត៌មាន អ្នកផលិតមាតិកា អ្នកប្រកបមុខរបរតាមអនឡាញ សមា គមសិល្បករ សិស្ស និស្សិត ប្រមាណជាង ២០០ នាក់។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា រាជរដ្ឋាភិ បាលកម្ពុជានៅគ្រប់អាណត្តិ តែងយកចិត្តទុកដាក់ខ្ពស់ចំពោះតួនាទី និងតម្លៃរបស់ស្ត្រីនៅក្នុងសង្គម។ ស្ត្រីខ្មែរមិនត្រឹមតែជាមាតា អ្នកអប់រំកូន និងអ្នកគ្រប់គ្រងសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងស្នូលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ និងជាតិទាំងមូល។ «ការផ្សព្វផ្សាយ ឬប្រើប្រាស់រូបភាពស្ត្រីក្នុងន័យបង្អាប់ បន្ថោកតម្លៃ ឬធ្វើជាកម្មវត្ថុនៃមាតិកាអសីលធម៌ គឺជារឿងដែលយើងគ្រប់គ្នាមិនអាចទទួល យកបានឡើយ» ឯកឧត្តមបានថ្លែង។ ឯកឧត្តមបាន គូសបញ្ជាក់ថា ការគោរពស្ត្រីគឺជាការគោរពមាតា គ្រួសារ សង្គម និងអត្តសញ្ញាណជាតិខ្មែរ។ ស្ត្រីមិនគួរត្រូវបានប្រើប្រាស់ជាឧបករណ៍ទាក់ទាញការចាប់អារម្មណ៍ ឬបម្រើផលប្រយោជន៍ពាណិជ្ជកម្មដោយប្រាសចាកសីលធម៌។ «សេចក្តីថ្លៃថ្នូររបស់ស្ត្រី មិនមែនជារបស់សម្រាប់ជាទំនិញឡើយ ប៉ុន្តែគឺជាតម្លៃមនុស្ស និងតម្លៃជាតិដែលត្រូវការពារ លើកតម្កើង និងគោរព»៕