ភូមិចំនួន២ ក្នុងឃុំជៀប ខេត្តកំពង់ឆ្នាំង បិទផ្សាយជាសាធារណៈ លទ្ធផលវិនិច្ឆ័យចុះបញ្ជីដីធ្លីប្រព័ន្ធ រយៈពេល១៥ថ្ងៃ

កំពង់ឆ្នាំង៖ ភូមិទ័ពតាឡាត់ និងភូមិឆកកណ្តោល ឃុំ ជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ត្រូវបានរដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅបរិវេណវត្តដំរីស។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ឈុន សុខកុម្ភៈ អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង និងលោក សូត្រ សង់ អភិបាលស្រុកទឹកផុស ដោយមានការចូលរួមពីមន្ត្រីមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

បន្ទាប់ពីប្រសាសន៍ស្វាគមន៍ និងរាយការណ៍ស្ថានភាពភូមិសាស្ត្រ ព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ របស់លោក សូត្រ សង់ លោក ឈុន សុខកុម្ភៈ បានមានប្រសាសន៍ថា ការបិទផ្សាយជាសាធារណៈរយៈពេល១៥ថ្ងៃ មានសារៈសំខាន់ណាស់ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមកផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីរបស់ខ្លួន រួមមាន ទំហំ រូបរាងក្បាលដី ឈ្មោះ អក្ខរាវិរុទ្ធ ថាត្រឹមត្រូវឬអត់។ បើមានកំហុសឆ្គង ឬមិនពេញចិត្ត អាចប្តឹងជំទាស់ តវ៉ា និងកែតម្រូវបាន។

លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹក នាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននិងកំពុងពន្លឿនការចុះបញ្ជីដីធ្លី និងចែក បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីផ្តល់សុវត្ថិភាពផ្នែកកម្មសិទ្ធិ និងបញ្ចប់វិវាទដីធ្លីនៅក្រៅប្រព័ន្ធតុលាការ។

លោក ឈុន សុខកុម្ភៈ ក៏បានណែនាំឱ្យបងប្អូនម្ចាស់ក្បាលដី យកឯកសារពាក់ព័ន្ធ ដូចជា ប័ណ្ណបញ្ជាក់ក្បាលដី សៀវភៅគ្រួសារ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណជាដើម មកពិនិត្យ ឱ្យបានទាន់ពេលវេលា ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងលឿនរហ័ស។

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានស្នើសុំឱ្យអាជ្ញាធរមូលដ្ឋាន ជួយផ្សព្វផ្សាយបន្ត ដល់ប្រជាពលរដ្ឋទាំងអស់ដែលមានក្បាលដីក្នុងភូមិទាំងពីរ ឱ្យមកពិនិត្យ និងផ្ទៀងផ្ទាត់ឱ្យបានគ្រប់គ្នា។

គួរបញ្ជាក់ថា តាមរបាយការណ៍ពីលោក សុខ សម្បត្តិ ប្រធានក្រុមទី១ ការបិទផ្សាយនេះ ចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ សម្រាប់ទិន្នន័យក្បាលដីសរុបជាង៣០០០ក្បាល នៃភូមិទាំងពីរ។