កំពង់ធំ៖ ប្រជាពលរដ្ឋមានជំងឺភ្នែក មកពីស្រុកសន្ទុក ខេត្តកំពង់ធំ ប្រមាណ៣០០នាក់ ទទួលបានការវះកាត់ភ្នែកកន្ទុយថ្លែន និងបកភ្នែកឡើងបាយ នៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀតដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យមនុស្សធម៌មកពីប្រទេសអូស្ត្រាលី ក្រោមការជួយឧបត្ថម្ភគាំទ្រ ពីលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។
លោក រ័ត្ន សុវណ្ណារៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ បានសម្របសម្រួលជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃអង្គការមនុស្សធម៌សុខភាព (AHHA) របស់ប្រទេស អូស្រ្តាលី និងមូលនិធិចក្ខុខ្មែរ (Khmer Sight Foundation) នៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងការព្យាបាលជូនប្រជាពលរដ្ឋ ចំនួន៣០០នាក់ ដែលពួកគាត់បានពិនិត្យភ្នែក កាលពីខែមិថុនាកន្លងមក នៅខេត្តកំពង់ធំ។
ការអញ្ជើញមកព្យាបាល វះកាត់កន្ទុយថ្លែន និងបកភ្នែកឡើងបាយ នៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀតនេះ មានរយៈ ពេល៣ថ្ងៃចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ក្រោមការសម្រួបសម្រួលពីក្រុមយុវជនស្ម័គ្រចិត្ត របស់ធនាគារជាតិនៃកម្ពុជា និងកិច្ចសហការដោយយកចិត្តទុកដាក់យ៉ាងសកម្ម ពីក្រុមគ្រូពេទ្យមនុស្សធម៌មកពីប្រទេសអូស្ត្រាលី តាមរយៈអង្គការ AHHA (Australian Health Humanitarian Aid) មូលនិធិចក្ខុខ្មែរ (Khmer Sight Foundation) ក្នុងនោះក៏មានការរួមពី ក្រុមបុគ្គលិករបស់ធនាគារឯកជនជាដៃគូផងដែរ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានបញ្ហាជំងឺភ្នែក មកពិនិត្យ និងព្យាបាលជម្ងឺនេះ ទទួលបានសេវាព្យាបាលដោយឥតគិតថ្លៃ ពីក្រុម គ្រូពេទ្យមនុស្សធម៌ មកពីប្រទេសអូស្ត្រាលី ដែលបានមកពិនិត្យ និងព្យាបាលរៀងរាល់មួយឆ្នាំម្តង ជូនដល់ប្រជាពលរដ្ឋកម្ពជា ក្រោមការជួយឧបត្ថម្ភ និងទំនុបបម្រុងលើការធ្វើដំណើរ ការស្នាក់នៅ និងការហូបចុក ពីសំណាក់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា៕
