កំពង់ឆ្នាំង៖នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះ សំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ឆ្នាំង សរុបចំនួន ៩៦៦នាក់។
ពិធីនេះបានប្រារព្ធឡើងនៅសាលាខេត្តកំពង់ឆ្នាំង ក្នុងឱកាសដែលជាបេសកកម្មលើកទី៩និង១០ របស់សម្តេច តេជោ ក្នុងការចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹក នាំ និងមន្ត្រីរាជការនៅតាមបណ្តារាជធានី ខេត្ត។ បេសកកម្មនេះបានចាប់ផ្តើមពីខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង ភ្នំពេញ និងខេត្តកំពង់ឆ្នាំង។
តាមរបាយការណ៍របស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិ បាលខេត្តកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងមានចម្ងាយ៩១ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ស្ថិតនៅភាគកណ្តាលប្រទេសកម្ពុជា។ ខេត្តនេះមានព្រំប្រទល់ខាងកើតជាប់ខេត្តកំពង់ចាម ខាងត្បូងជាប់ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ខាងលិចជាប់ខេត្តពោធិ៍សាត់ និងខាងជើងជាប់ខេត្តកំពង់ធំ និងបឹងទន្លេសាប។
ខេត្តមានផ្ទៃដីសរុប ៥,៥២១គីឡូម៉ែត្រការ៉េ មានក្រុង-ស្រុកចំនួន៨ ឃុំ-សង្កាត់ចំនួន៧១ និងភូមិចំនួន៥៦៩។ ប្រជាជនសរុបមាន ១៦១,៣៣០គ្រួសារ ស្មើនឹងប្រជាជនសរុប ៦១៥,៨៩៦នាក់។ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ខេត្តកំពង់ឆ្នាំងបានសម្រេចបាននូវសមិទ្ធផលជាច្រើន រួមមានរោងចក្រ សហគ្រាស និងសិប្បកម្មសរុប ២,៧១២មូលដ្ឋាន ក្នុងនោះរោងចក្រធុនធំ ៤២កន្លែង មានកម្មករ-និយោជិត ៧៦,៩២៤នាក់។ ការផ្គត់ផ្គង់ទឹកស្អាតមាន ២១ក្រុមហ៊ុន គ្របដណ្តប់ដល់ ៤៣ឃុំ និង ២៨៥ភូមិ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានឱ្យដឹង ថា គោលបំណងនៃការចុះជួបសំណេះសំណាលនេះ គឺដើម្បីពង្រឹងគណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាពនៃការងារមូលដ្ឋាន ព្រមទាំងផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងថ្នាក់ដឹកនាំជាតិ និងអាជ្ញាធរមូលដ្ឋាន រួមទាំងការលើកទឹកចិត្តឱ្យមន្ត្រីបំពេញការងារ និងផ្តល់សេវាសាធារណៈឱ្យប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានវិលត្រឡប់មកជួបបងប្អូនមន្ត្រីមូលដ្ឋានខេត្តកំពង់ឆ្នាំងជាថ្មីម្តងទៀត។ សម្តេចក៏បានប្រកាសត្រៀមបញ្ជូនចៅៗរបស់សម្តេច ដែលគ្រប់អាយុ ឱ្យបំពេញកាតព្វកិច្ចយោធា តាមច្បាប់ «កាតព្វកិច្ចយោធា» ដោយគ្មានការលើកលែង ដើម្បីធានាសមភាពសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ចាប់ពីអាយុ ១៨ឆ្នាំ ដល់ ២៥ឆ្នាំ (លើកលែងតែស្ត្រី ដែលផ្អែកលើការស្ម័គ្រចិត្ត)។
សម្តេចតេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការខេត្តកំពង់ឆ្នាំងទាំងអស់ ដែលបានខិតខំបម្រើសេវាសាធារណៈ និងរួមគ្នារក្សាសន្តិសុខសណ្តាប់ ធ្នាប់។ សម្តេចក៏បានក្រើនរំឭកឱ្យមន្ត្រីទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ-សង្កាត់ បន្តយកចិត្តទុកដាក់ផ្តល់សេវាឱ្យប្រជាពលរដ្ឋបានលឿន រហ័ស និងមានប្រសិទ្ធ ភាព។
លើវិស័យហេដ្ឋារចនាសម្ព័ន្ធ សម្តេចតេជោបានស្នើឱ្យមិត្តចិនពិចារណាលើគម្រោងសាងសង់ផ្លូវ និងស្ពានតភ្ជាប់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ រួមទាំងគម្រោងផ្លូវជាតិលេខ៥០សេ ដើម្បីពង្រឹងការតភ្ជាប់ដឹកជញ្ជូនជុំវិញបឹងទន្លេសាប និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
ជាចុងក្រោយ សម្តេចតេជោ បានណែនាំឱ្យមន្ត្រីរាជការ ចៀសវាងភាពអសកម្ម និងអំពើគៀបសង្កត់ ដោយរំលឹក ថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន»។ សម្តេចក៏បានជំរុញឱ្យដោះស្រាយជម្លោះដីធ្លីឱ្យបានរហ័ស និងត្រឹមត្រូវ រួមទាំងការថែរក្សាធនធានធម្មជាតិ និងការគាំពារគ្រួសារយុទ្ធជន។
សម្តេចតេជោបានកោតសរសើរ និងជូនពរដល់មន្ត្រីគ្រប់ជាន់ថ្នាក់នៃខេត្តកំពង់ឆ្នាំងឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ពេលវេលា៕
