ជនជាតិចិន ១៧៣នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្តេញចេញពីកម្ពុជា

ភ្នំពេញ៖រដ្ឋាភិបាលកម្ពុជាបានបណ្តេញចេញជនជាតិចិនសរុបចំនួន ១៧៣នាក់ (ស្រី ៦នាក់) ដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងការស្នាក់នៅខុសច្បាប់ តាមរយៈយន្តហោះពិសេសនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។

តាមប្រភពពីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការបណ្តេញចេញនេះ ធ្វើឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអើភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការដឹកនាំផ្ទាល់របស់ ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍។ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជាមួយស្ថានទូតចិន ដើម្បីរៀបចំការបណ្តេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។

ជនជាតិចិនទាំងនេះត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមអនឡាញ និងរស់នៅ ព្រមទាំងធ្វើការខុសច្បាប់នៅកម្ពុជា។ ការបណ្តេញចេញនេះ គឺជាផ្នែកមួយនៃវិធានការរឹងមាំរបស់រាជរដ្ឋា ភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីបោសសម្អាតឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីប្រទេស។

ឯកឧត្តម ស សុខា បានណែនាំឱ្យមានការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ គ្មានការលើក លែង ជាពិសេសចំពោះមេខ្លោងនៃបណ្តាញឆបោកទាំងនេះ។ ទន្ទឹមនេះ រដ្ឋាភិ បាលក៏ បានជួយសង្គ្រោះជនរងគ្រោះមួយចំនួន ដែលត្រូវបានបោកបញ្ឆោតឱ្យមកធ្វើការក្នុងបណ្តាញឆបោក រួមទាំងផ្តល់សេរីភាព និងឱកាសឱ្យពួកគេវិលត្រឡប់ទៅប្រទេស កំណើតវិញ។

ការបោសសម្អាតបណ្តាញឆបោកអនឡាញនេះ ត្រូវបានគេមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់មួយរបស់កម្ពុជា ក្នុងការពង្រឹងសុវត្ថិភាពជាតិ និងការពារកេរ្តិ៍ឈ្មោះរបស់ប្រទេសនៅលើឆាកអន្តរ ជាតិ៕