បានបើកប្រតិបត្តិការបង្ក្រាបទីតាំងលួចលាក់ធ្វើសកម្មភាព Scams Online ចំនួន២ទីតាំង និងឃាត់ខ្លួនជនបរទេសបានចំនួន៣៨នាក់

កណ្ដាល: នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន និងដឹកនាំកម្លាំងចុះធ្វើរដ្ឋបាលជាបន្តបន្ទាប់ រដ្ឋបាលស្រុកបានរកឃើញទីតាំងសង្ស័យពីរកន្លែងដែលកំពុងលួចលាក់ប្រើប្រាស់សម្រាប់ធ្វើសកម្មភាពបោកប្រាស់តាមប្រព័ន្ធអនឡាញ (Scams Online)។

លោកបានបញ្ជាក់ថា ប្រតិបត្តិការនេះត្រូវបានចាប់ផ្តើមតាំងពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ មកម្ល៉េះ ហើយបានឃាត់ខ្លួនជនបរទេសបានចំនួន៣៨នាក់។ ជនសង្ស័យទាំងអស់ត្រូវបានបញ្ជូនទៅកាន់ក្រុងសំពៅពូន ដើម្បីសាកសួរ និងអនុវត្តតាមនីតិវិធីច្បាប់។

ទីតាំងដែលត្រូវបានបង្ក្រាបរួមមាន: ទីតាំងទី១ ស្ថិតនៅមជ្ឈមណ្ឌលកម្សាន្ត និងផ្ទះសំណាក់ «មីស្ទើ លេង KTV» ក្នុងឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល មានចម្ងាយប្រមាណជាង ១៤០០ម៉ែត្រ ពីសាលាស្រុកលើកដែក។ ទីតាំងទី២ ស្ថិតនៅក្នុងបរិវេណកីឡដ្ឋាន «មីស្ទើលេង» ក្នុងឃុំព្រែកទម្លាប់ ស្រុកលើកដែក មានចម្ងាយប្រមាណជាង ៤៧០០ម៉ែត្រ ពីសាលាស្រុកលើកដែក និងប្រមាណជាង ១៧០០ម៉ែត្រ ពីផ្លូវជាតិលេខ១៤។

ការបង្ក្រាបនេះ គឺអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងក្រោមការដឹកនាំផ្ទាល់របស់លោក គួច ចំរើន អភិបាលខេត្តកណ្តាល។

គួរបញ្ជាក់ថា រដ្ឋបាលខេត្តកណ្តាល បានបង្ក្រាបករណី Scams Online ជាបន្តបន្ទាប់ ដោយមានជនបរទេសច្រើននាក់ត្រូវបានឃាត់ខ្លួន និងអនុវត្តតាមនីតិវិធី។

កាលពីពេលថ្មីៗនេះ លោក គួច ចំរើន អភិបាលខេត្តកណ្តាល ក៏បានប្រកាសជាសាធារណៈតាមបណ្តាញសង្គម អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមផ្តល់ព័ត៌មានពាក់ព័ន្ធនឹងករណី Scam Online ដោយអ្នកផ្តល់ព័ត៌មាននឹងទទួលបានរង្វាន់លើកទឹកចិត្ត ២លានរៀល រួមទាំងការរក្សាការសម្ងាត់យ៉ាងតឹងរ៉ឹង៕