កំពង់ឆ្នាំង៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៦ លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធី ចែកសម្ភារសិក្សា របស់ក្រុមហ៊ុនទឹកផ្លែឈើយ៉ូស (Yoe’s) ជូនដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាសុខសែនជ័យ ស្ថិតនៅឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ពិធីខាងលើនេះមានការចូលរួមពី លោកស្រី ហេង សុទ្ធាវី អគ្គនាយិកា ក្រុមហ៊ុនទឹកផ្លែឈើយ៉ូស (Yoe’s) រួមជាមួយតំណាងមន្ទីរ អប់រំ យុវជន និងកីឡា ខេត្ត លោកអភិបាលរងស្រុក លោក លោកស្រីតំណាងឃុំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សាសុខសែនជ័យ។
ក្នុងឱកាសនោះលោកជំទាវបណ្ឌិតបានមានប្រសាសន៍ ថា ការចូលរួមឧបត្ថម្ភសម្ភារសិក្សាពីវិស័យឯកជន ដូច ជាក្រុមហ៊ុនយ៉ូស គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំ និងជួយសម្រួលដល់សិស្សានុសិស្ស ជាពិសេសនៅតាមតំបន់ដាច់ស្រយាល។ លោកជំទាវក៏បានកោតសរសើរ ចំពោះក្រុមហ៊ុនយ៉ូស ដែលតែងតែមានស្មារតីទំនួលខុសត្រូវសង្គមខ្ពស់។
ក្រុមហ៊ុនយ៉ូស បានឧបត្ថម្ភសម្ភារសិក្សាជាច្រើនប្រភេទ រួមមាន កាតាប សៀវភៅ ខ្មៅដៃ ក្រដាស់ និងសម្ភារផ្សេងៗទៀត ដើម្បីផ្តល់ជាប្រយោជន៍ដល់សិស្សានុ សិស្សក្នុងការសិក្សារៀនសូត្រ។
