អភិបាលខេត្តកំពង់ចាម ណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញ រៀបចំចងក្រង និងអភិរក្សទីទួលបាសាន ទៅជាតំបន់រមនីយដ្ឋានទេសចរសហគមន៍

កំពង់ចាម:ដើម្បីពង្រីកវិស័យទេសចរណ៍នៅក្នុងខេត្តកំពង់ចាម ប្រកបដោយសក្ដានុពល អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានឃុំ ស្រុក ស្រីសន្ធរ ធ្វើការសហការជាមួយមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរទេសចរណ៍ ដើម្បីរៀបចំចងក្រង និងអភិរក្សទីទួលបាសាន ទៅជាតំបន់រមនីយដ្ឋានទេសចរសហគមន៍។ ឯកឧត្តម ថ្លែងបែបនេះ ក្នុងដំណើរ អញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យស្ថានភាព តំបន់ទីទួលបាសាន នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។

គួររំលឹកថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅអំឡុងឆ្នាំ ២០១៩ គណៈដែលឯកឧត្តម ទើបតែអញ្ជើញមកកាន់តួនាទី ជាអភិបាលខេត្តថ្មីថ្មោង ឯកឧត្តម ធ្លាប់បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងនេះដោយផ្ទាល់ និងបានចាត់ឲ្យមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ មន្ទីរទេសចរណ៍ សហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការអភិរក្សតំបន់ប្រវត្តិសាស្ត្រនេះឡើងវិញ ប៉ុន្តែមិនទាន់មានគម្រោងពង្រីកឲ្យក្លាយទីជាតំបន់ រមនីយដ្ឋានទេសចរណ៍បែបសហគមន៍នៅឡើយ។

ទីទួលបាសាន (ប្រាសាទទួលព្រះធាតុ) គឺជាទីតាំងប្រវត្តិសាស្ត្រសំខាន់មួយ ស្ថិតនៅឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ តាមឯកសារប្រវត្តិសាស្ត្រ និងប្រភពស្រាវជ្រាវមួយចំនួន បានបញ្ជាក់ថា ទួលបាសានធ្លាប់ជារាជធានីរបស់ខ្មែរក្នុងសម័យក្រោយអង្គរ (ចុងសតវត្សទី១៤ ដើមសតវត្សទី១៥) មុនពេលរាជធានីផ្លាស់ទៅចតុម្មុខ (រាជធានីភ្នំពេញសព្វថ្ងៃ)។

នៅតំបន់នេះ មានសំណល់ប្រាសាទបុរាណមួយដែលប្រជាពលរដ្ឋហៅថា ប្រាសាទទួលព្រះធាតុ ឬ ទួលបាសាន។ បច្ចុប្បន្ន នៅទីនោះមានវត្ត និងសំណង់ពុទ្ធសាសនាស្ថិតនៅលើទីទួលបុរាណ ដែលជាសញ្ញាបង្ហាញថាទីតាំងនេះធ្លាប់ជាមជ្ឈមណ្ឌលសាសនា និងនយោបាយដ៏សំខាន់មួយ។

ចំណុចគួរឱ្យចាប់អារម្មណ៍៖ ជាទីតាំងរាជធានីបុរាណក្រោយការចាកចេញពីអង្គរ បច្ចុប្បន្នមានសំណល់ប្រាសាទ និងទួលបុរាណជាច្រើន។ ទីទួលបាសាន ជាអតីតរាជធានីនៃអាណាចក្រខ្មែរ​ ដែលបានកសាងឡេីងដោយព្រះបាទពញាយ៉ាត​ នៅអំឡុង​សតវត្ស​ទី១៥​ បន្ទាបពីព្រះអង្គបានបណ្តេញទ័ពសៀមឈ្លានពានចេញពីរាជធានីអង្គរ​ បន្ទាប់មកព្រះបាទពញាយ៉ាត​ បានលេីករាជធានីពីអង្គរវត្ត​ មកតាំងទីនៅទូលបាសាន​ ដេីម្បីងាយស្រួលក្នុងការគ្រប់គ្រប់ដែនដីនៃអាណាចក្រខ្មែរនាសម័យនោះ៕