ផ្សារផលិតផលខ្មែរខេត្តកំពត បន្តដំណើរការលក់កសិផល និងផលិតផលខ្មែរ រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ

កំពត៖ ផ្សារផលិតផលខ្មែរខេត្តកំពត បាននិងកំពុងដំណើរការលក់កសិផល និងផលិតផលខ្មែរដែលមានគុណភាពខ្ពស់ រួមមាន បន្លែសុវត្ថិភាព ផ្លែឈើស្រស់ សាច់មាន់ អាហារកែច្នៃ និងផលិតផលប្រើប្រាស់ទូទៅផ្សេងៗ ដែលផលិតនិងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរនៅក្នុងខេត្តកំពត។

ផ្សារនេះមានទីតាំងនៅ បេនឡាន ភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ដំណើរការរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់។

ក្រោមការដឹកនាំ និងគាំទ្ររបស់ ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលពីមន្ទីរពាណិជ្ជកម្មខេត្តកំពត តាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ផ្សារផលិតផលខ្មែរនេះ ត្រូវបានរៀបចំ និងដាក់ឱ្យដំណើរការតាំងពីឆ្នាំ២០១៩រហូតមកដល់បច្ចុប្បន្ន។

គោលបំណងសំខាន់នៃផ្សារគឺ ផ្តល់ឱកាសទីផ្សារបន្ថែម និងជាប្រភពតភ្ជាប់ទំនាក់ទំនងផ្ទាល់រវាងកសិករ ផលិតករ អាជីវករខ្នាតតូច និងអតិថិជន។ តាមរយៈផ្សារនេះ ក្រុមផលិតករអាចលក់ផលិតផលរបស់ខ្លួនបានកាន់តែងាយស្រួល រកប្រាក់ចំណូលបន្ថែម និងលើកកម្ពស់ជីវភាពគ្រួសារ។

លើសពីនេះ ការចូលរួមទិញ និងប្រើប្រាស់ផលិតផលខ្មែរក្នុងផ្សារនេះ ក៏ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញផលិតភាពក្នុងស្រុក បង្កើនប្រាក់ចំណូលជាតិ និងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅខេត្តកំពតឱ្យកាន់តែរីកចម្រើន។

អ្នកឧបត្ថម្ភ និងប្រជាពលរដ្ឋទាំងអស់ត្រូវបានអញ្ជើញឱ្យចូលរួមគាំទ្រផ្សារផលិតផលខ្មែរ ដើម្បីជួយលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ ព្រមទាំងលើកកម្ពស់ផលិតផលក្នុងស្រុកឱ្យកាន់តែមានកេរ្តិ៍ឈ្មោះ៕