ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិ យសនៃមូលនិធិគន្ធបុប្ផាកម្ពុជាបានអញ្ជើញចុះសំណេះ សំណាលផ្ទាល់ជាមួយគណៈគ្រប់គ្រង លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផា ក្នុងស្មារតីលើកទឹកចិត្ត និងពង្រឹងកិច្ចសហប្រតិបត្តិការមនុស្សធម៌។
ក្នុងឱកាសនេះ លោកជំទាវបណ្ឌិតក៏បានជួបសំណេះ សំណាលជាមួយគណៈប្រតិភូមូលនិធិគន្ធបុប្ផាស្វីស និងបានចុះសួរសុខទុក្ខអាណាព្យាបាល ព្រមទាំងកុមារដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យដោយក្តី ស្និទ្ធស្នាលបំផុត។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករឭកយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវបណ្ឌិតបានគូសបញ្ជាក់ថា៖«មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យធម្មតានោះទេ ប៉ុន្តែគឺជាទីកន្លែងផ្តល់ក្តីសង្ឃឹម និងជីវិតថ្មីសម្រាប់គ្រួសារខ្មែរគ្រប់រូប ជាពិសេសគ្រួសារដែលមានជីវភាពខ្វះ ខាត។ ទីនេះផ្តល់នូវសេវាព្យាបាលប្រកបដោយគុណភាព ភាពកក់ក្តៅ និងសមធម៌ ដោយគ្មានការរើសអើង ដើម្បីសង្គ្រោះជីវិតកុមារកម្ពុជា»។
ទន្ទឹមនឹងការចុះសួរសុខទុក្ខ លោកជំទាវបណ្ឌិតក៏បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលថវិកាបរិច្ចាគចំនួន ១,០០០,០០០ (មួយលាន) ដុល្លារសហរដ្ឋ អាមេរិក ពីក្រុមហ៊ុន ជីប ម៉ុង (Chip Mong Group) ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា។ ថវិកានេះនឹងត្រូវប្រើប្រាស់ដើម្បីគាំទ្របេសកកម្មមនុស្សធម៌ក្នុងការពិនិត្យ និងព្យាបាលកុមារឱ្យមាននិរន្តរភាព។
ជាចុងបញ្ចប់ លោកជំទាវបណ្ឌិតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែលតែងតែផ្តល់ការគាំទ្រទាំងថវិកា និងស្មារតី។ លោកជំទាវក៏បានអំពាវនាវដល់សាធារណជនឱ្យបន្តចូលរួមបរិច្ចាគបន្ថែមទៀត ដើម្បីរួមគ្នាកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារកម្ពុជា ដែលជាធនធានមនុស្សដ៏សំខាន់បំផុតរបស់ប្រទេសជាតិ៕
