ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៥០គ្រួសារ មកពីសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ឆ្នាំង បានទទួលអំណោយមនុស្សធម៌ពីអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រុងកំពង់ឆ្នាំង បានរៀបចំពិធីចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង ជាអធិបតីភាព។

ក្នុងពិធីនេះក៏មានការប្រកាសសមាសភាពគណៈកម្ម ការអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រុងកំពង់ឆ្នាំងផងដែរ។ លោកជំទាវ ប៉ាល់ យឿន ប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិ ភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ឆ្នាំង លោកស្រី ប៊ន សុភី ប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង លោក ហ៊ីង ភ័ព្វមិនា អភិបាលក្រុងកំពង់ឆ្នាំង រួមទាំងឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ លោកប្រធានក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង ថ្នាក់នាំការិយាល័យ អង្គភាពជុំវិញក្រុង និងចៅសង្កាត់ទាំង៤ បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។

តាមការបញ្ជាក់ពី លោក ហ៊ីង ភ័ព្វមិនា អភិបាលក្រុងកំពង់ឆ្នាំង និងជាប្រធានកិត្តិយសអនុសាខាសមាគមនារីកម្ពុជា បានឲ្យដឹងថា អំណោយដែលបានចែកជូនប្រជាពលរដ្ឋងាយរងគ្រោះទាំង ៥០គ្រួសារ គឺទទួលបានការឧបត្ថម្ភពីលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ រួមទាំងអង្គការមេត្រីអន្តរជាតិ និងអង្គការដៃកម្ពុជា។

ក្នុងមួយគ្រួសារ ទទួលបានអង្ករ សម្ភារៈផ្សេងៗ និងថវិកា ២០.០០០រៀល ដើម្បីជួយសម្រាលទុក្ខលំបាក និងគាំទ្រជីវភាពរស់នៅប្រចាំថ្ងៃ។

ពិធីចែកអំណោយនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងសមាគមនារីកម្ពុជា ក្នុងការគាំទ្រប្រជាពលរដ្ឋងាយរងគ្រោះ រួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម និងការអភិវឌ្ឍន៍មូលដ្ឋាននៅក្រុងកំពង់ឆ្នាំង៕