រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឆមាសទី១ ឆ្នាំ២០២៦

កំពង់ឆ្នាំង៖នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងកំណត់ទិសដៅការងារបន្ត។

កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ជំទាវ ជូ ប៊ុនអេង រដ្ឋលេខា ធិការក្រសួងមហាផ្ទៃ និងមានការចូលរួមពី ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោក ជា សុខរិទ្ធិ អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណា រិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមទាំងប្រតិភូក្រសួងមហាផ្ទៃ មេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក មេឃុំ និងចៅសង្កាត់។

កិច្ចប្រជុំនេះផ្តោតលើការពិនិត្យ និងវាយតម្លៃលទ្ធផលការងារអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៦ ដើម្បីបង្កើនសុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ និងការអភិវឌ្ឍនៅថ្នាក់ក្រោមជាតិ។ លើសពីនេះ កិច្ចប្រជុំក៏បានលើកឡើងនូវទិសដៅ និងវិធានការបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ ផងដែរ។

លោកជំទាវ ជូ ប៊ុនអេង បានថ្លែងក្នុងកិច្ចប្រជុំថា ការអនុវត្តគោលនយោបាយនេះ គឺជាកត្តាសំខាន់ក្នុងការពង្រឹងស្ថិរភាពនៅមូលដ្ឋាន និងធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។