កំពង់ឆ្នាំង៖ ប្រតិភូខេត្តក្វាងស៊ី ប្រទេសចិន ដឹកនាំដោយលោក ដេង ម៉ៅហុង (Deng Miaohong) កាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញធ្វើទស្សនកិច្ចមូលដ្ឋានគម្រោងកិច្ច សហប្រតិបត្តិការបច្ចេកវិទ្យាកសិកម្មទំនើប នៅភូមិ អូរតាសេក ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
គម្រោងនេះមានគោលបំណងសំខាន់ក្នុងការផ្ទេរចំណេះដឹង និងបច្ចេកទេសកសិកម្មទំនើប ជាពិសេសការដាំបន្លែក្នុងផ្ទះសំណាញ់ និងក្រៅផ្ទះសំណាញ់ ដល់កសិករនៅភូមិឈើត្រាច និងភូមិ អូរតាសេក ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ តាមរយៈគម្រោងនេះ គេរំពឹងថានឹងជួយពង្រឹងសមត្ថភាពផលិតកម្មកសិកម្ម បង្កើនផលិតភាព និងធានាគុណភាពផលដំណាំសម្រាប់កសិករកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូបានពិនិត្យមើលការអនុវត្តជាក់ស្តែង និងពិភាក្សាអំពីលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនាពេលអនាគត។

