ក្រុមយុវជនប្រុសស្រីជិះរថយន្តចូលមន្ទីរពេទ្យព្រួតវាយនារីម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន

បន្ទាយមានជ័យ៖ កម្លាំងជំនាញនាយកដ្ឋាននគរ បាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរ បាលខេត្តបន្ទាយមានជ័យ និងខេត្តកណ្តាល បានបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន ៥ នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

ការបង្រ្កាបនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៧:១០ នាទី ដោយលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន ជាអ្នកដឹកនាំកម្លាំង។

ជនសង្ស័យទាំង ៥ នាក់ រួមមាន៖
១. ឈ្មោះ សម្បត្តិ ព្រហ្មមន្និ (ភេទស្រី)
២. ឈ្មោះ ធី ចាន់ថន (ភេទស្រី)
៣. ឈ្មោះ សម្បត្តិ ព្រហ្មមុន្នី (ភេទស្រី)
៤. ឈ្មោះ យីវ លីហុង (ភេទប្រុស)
៥. ឈ្មោះ អ៊ែម បញ្ញា (ភេទប្រុស)។

សម្ភារៈដកហូតបានរួមមាន រថយន្តម៉ាក GTV SOBEN ពណ៌ស ពាក់ស្លាកលេខ ២CD-៤៩៧២។

សូមរំលឹកថា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២៦ វេលាម៉ោងប្រហែល ១៧:០០ នាទី មនុស្សមួយក្រុមមានគ្នាប្រហែល ១០ នាក់ (មិនស្គាល់អត្តសញ្ញាណ) ជិះរថយន្ត ២ គ្រឿង បានធ្វើសកម្មភាពព្រួតវាយទៅលើឈ្មោះ ចាន់ ស្រីណុច ហៅប៉ៃ (ភេទស្រី) រស់នៅភូមិចាន់គីរី សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដែលបានមកដេកកំដរប្អូននៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ្ឌ ស្ថិតនៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យរងរបួសស្រាល។

បច្ចុប្បន្ន ជនសង្ស័យទាំងនេះត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕