ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែ ប្រែក្លាយសៀមរាបជាទីក្រុងទំនើបពោរពេញសោភ័ណភាព

សៀមរាប ៖ នៅរដូវកាលបៃតងនេះ ទេសភាពជុំវិញទឹកដីអង្គរ និងក្រុងសៀមរាប បង្ហាញនូវភាពស្រស់ត្រកាលគួរឱ្យគយគន់ជាខ្លាំង។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ ខ្សែ បាននិងកំពុងបង្ហាញរូបរាងដ៏ស្រស់ស្អាត ប្រែក្លាយក្រុងសៀមរាប និងខេត្តសៀមរាប ឱ្យក្លាយជាទីក្រុងទំនើប ពោរពេញដោយសោភ័ណភាព និងបរិស្ថានល្អសម្រាប់ការរស់នៅ។

គម្រោងនេះបានជួយលើកកម្ពស់សក្តានុពលរបស់សៀមរាបឱ្យកាន់តែសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ ដែលអាចទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើន សំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើន និងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាប ទៅកាន់តំបន់ដាច់ស្រយាលផងដែរ។

សូមជម្រាបជូនថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ ខ្សែ មានប្រវែងសរុប ១០៨,៧៤ គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ និងបានសម្ពោធបើកប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២២។