សមត្ថកិច្ចក្រសួងមហាផ្ទៃ បោសសម្អាតទីតាំង Online Scams សេសសល់តូចៗ ៨៥កន្លែង និងឃាត់ខ្លួនជនសង្ស័យ ១.២៥៥នាក់ ក្នុងខែសីហា

ភ្នំពេញៈ នៅក្នុងប្រតិបត្តិការពេញមួយខែសីហា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ បានបន្តចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ទ្រង់ទ្រាយតូចៗ ដែលនៅសេសសល់ ចំនួន ៨៥កន្លែង។ ប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យសរុប ១.២៥៥នាក់ ស្មើនឹង ១៣សញ្ជាតិ។

តាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ ជនសង្ស័យទាំងនោះរួមមាន ជនជាតិចិន ៧៣២នាក់ វៀតណាម ៣២៣នាក់ ខ្មែរ ៩៤នាក់ ថៃ ៥៣នាក់ ឥណ្ឌូនេស៊ី ២៤នាក់ មីយ៉ាន់ម៉ា ៩នាក់ នេប៉ាល់ ៤នាក់ ម៉ាឡេស៊ី ៤នាក់ ឥណ្ឌា ៣នាក់ ប៉ាគីស្ថាន ៣នាក់ បង់ក្លាដេស ៣នាក់ កូរ៉េ ២នាក់ និងឡាវ ១នាក់។

ក្នុងរយៈពេលដូចគ្នានោះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអនុវត្តនីតិវិធីបណ្ដេញចេញជនបរទេសល្មើសច្បាប់សរុប ២.០០៥នាក់ (ស្រី ៣២០នាក់) មាន ៣២សញ្ជាតិ។ ក្នុងចំណោមនេះ ពាក់ព័ន្ធនឹង Online Scams មាន ៥៧៤នាក់ (ស្រី ១១នាក់) ស្មើនឹង ១១សញ្ជាតិ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានសហការជាមួយស្ថានទូតចិន បណ្ដេញចេញតាមជើងយន្តហោះពិសេសចំនួន ៣លើក សរុប ៤៧៣នាក់ (ស្រី ២០នាក់) ដែលក្នុងនោះពាក់ព័ន្ធនឹង Online Scams ២២៨នាក់។

បន្ថែមពីនេះ នៅក្នុងខែសីហាដដែល សមត្ថកិច្ចក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យរដ្ឋបាលតាមបណ្ដាគោលដៅ ៣.៦៥៧ទីតាំង មានមនុស្សសរុប ១៧.៨៣៤នាក់ និងចុះត្រួតពិនិត្យរដ្ឋបាលនៅលើដងផ្លូវ ដោយពិនិត្យឃាត់យានយន្តសង្ស័យសរុប ២៦៩លើក មនុស្សចំនួន ២.៧៦៣នាក់។ ការចុះអនុវត្តនេះ គឺជាផ្នែកមួយដ៏សំខាន់នៃការទប់ស្កាត់ដំណើរចល័តពីកន្លែងមួយទៅកន្លែងមួយរបស់ពួកឧក្រិដ្ឋជន ក្នុងពេលដែលកម្លាំងមានសមត្ថកិច្ច កំពុងប្រើកណ្ដាប់ដៃដែកវាយកម្ទេច និងបោសសម្អាត បទល្មើសនេះដោយមិនដកដៃ។

ក្នុងខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចក៏បានរកឃើញ និងផាកពិន័យម្ចាស់ និងអ្នកគ្រប់គ្រងទីតាំងដែលល្មើសនឹងអនុក្រឹត្យលេខ ០៣ សរុបជាទឹកប្រាក់ ៨២២.២៤០.០០០រៀល។ ក្នុងនោះ ផាកពិន័យតាមមាត្រា ១៩ សរុប ១.២០០.០០០រៀល និងផាកពិន័យតាមមាត្រា ២០ សរុប ៨២១.០៤០.០០០រៀល។

អនុក្រឹត្យស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ត្រូវបានរាជរដ្ឋាភិ បាលប្រកាសអនុវត្តកាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៦ មានគោលដៅធានាដល់សន្តិសុខសុវត្ថិ ភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។ មាត្រា ១៩ កំណត់ថា ម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលធ្វេសប្រហែសខកខានមិនបានបំពេញកាតព្វកិច្ច ដូចមានចែងក្នុងមាត្រា ១៦ ត្រូវផាកពិន័យជាប្រាក់ ៤០០.០០០រៀល ដោយមិនទាន់គិតដល់ព្យសនកម្មដែលកើតឡើងពីការធ្វេសប្រហែសនេះឡើយ។ ចំណែកមាត្រា ២០ បានចែងថា ម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលមានចេតនាលាក់បាំង និងអនុញ្ញាតឱ្យជនបរទេសចូលមកព្រះរាជាណា ចក្រកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់ ៤.០០០.០០០រៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមាន៕