ថ្នាំញៀន៧០០គីឡូក្រាមដាក់Logoទុរេន ត្រូវរឹបអូសនៅឈៀងម៉ៃ ប្រទេសថៃ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី២០ខែសីហា ឧបនាយករដ្ឋមន្ត្រី និងជានាយករដ្ឋមន្ត្រីស្តីទី លោក Phumtham Wechayachai បានប្រកាសពីការរឹបអូសថ្នាំញៀនប្រភេទមេ​តំ​ហ្វេ​តា​មីន៧០០គីឡូក្រាម នៅខេត្តឈៀងម៉ៃ ក្នុងប្រតិបត្តិការរារាំងការជួញដូរគ្រឿងញៀន​ ដែលចាប់មិនចេះអស់មិនចេះហើយក្នុងប្រទេសថៃ។

ថ្នាំ​ញៀនទាំងនេះ​ត្រូវ​បាន​​រក​ឃើញ​លាក់​ទុក​ក្នុង​រថយន្ត​ភីកអាប់ Toyota Tiger ពណ៌​ទឹក​មាស កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហាក្នុង​ស្រុក Chiang Dao ខេត្តឈៀងម៉ៃនិងចាប់បាន​​ជន​សង្ស័យ​ម្នាក់។ គ្រឿងញៀនដែលចាប់បានសុទ្ធតែមានLogo «ទុរេន» និងត្រូវបានជួញដូរពីប្រទេសមីយ៉ាន់ម៉ា ហើយមានទិសដៅទៅកាន់កោះតៃវ៉ាន់ មិនមែនសម្រាប់ប្រើប្រាស់នៅក្នុងប្រទេសថៃនោះទេ។

ការរកឃើញនេះក៏ ស្របពេលនឹងការប្រទះឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ៨៧ គីឡូក្រាម អណ្តែតក្នុងប្រឡាយ ខេត្ត Samut Songkhramនាំឱ្យមានការបង្ក្រាបមេក្លោងគ្រឿងញៀនដ៏ធំ និងរឹបអូសបានគ្រឿងញៀនសរុប​ដល់​២៩៧​គីឡូក្រាម។

គួរបញ្ជាក់ថានៅអាស៊ីអាគ្នេយ៍ ប្រទេសថៃនៅតែជាចំណុចឆ្លងកាត់ដ៏សំខាន់សម្រាប់ការជួញដូរហេរ៉ូអ៊ីន និងមេតំហ្វេតាមីនទៅកាន់ប្រទេសទីបី ជាពិសេសនៅតំបន់ត្រីកោណមាសប្រសព្វរវាងប្រទេសថៃ ឡាវ​និង មីយ៉ាន់ម៉ា ដែលក្លាយទៅជាច្រកជួញដូរគ្រឿងញៀនអន្តរជាតិទៅហើយ៕