នៅក្នុងទិវាជាតិអន្តរសាសនា ដើម្បីប្រឆាំងការជួញដូរមនុស្សលើកទី៩ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីមហាផ្ទៃ ថ្លែងថាបន្ទាប់ពីថៃបើកការឈ្លានពាន ប្រើអាវុធធន់ធ្ងន់ បង្កមហាក្ដីឈឺចាប់ បច្ចុប្បន្នបានាំឱ្យកម្ពុជាយល់យ៉ាងច្បាស់ពីភាពឈឺចាប់បង្កឡើងដោយថៃ ហើយចេះរៀបចំផ្ទះសាជាថ្មី កែប្រែការអប់រំ និងអត្តចរិត បង្កាទុកជាមុនចំពោះបញ្ហាដែលអាចនឹងកើតឡើងម្ដងទៀត។ ជុំវិញទង្វើឈ្លានពាន ចង់បានទឹកដីកម្ពុជានេះ ឧបនាយករដ្ឋមន្ត្រី ស សុខា អំពាវនាវឱ្យពលរដ្ឋ និងគ្រប់សាសនានៅកម្ពុជា រួបរួមគ្នាជាធ្លុងមួយគាំទ្រដល់វីរកងទ័ព ដែលប្រយុទ្ធការពារជាតិប្រឆាំងការឈ្លានពានរបស់ថៃ។
ឧបនាយករដ្ឋមន្ត្រី ស សុខា សង្កត់ធ្ងន់អំពីការចលនាស្នេហាជាតិក្រោយថៃឈ្លានពានដូច្នេះ៖ «ឥឡូវយើងកំពុងមានយន្តការរួមមួយ គឺស្នេហាជាតិនេះ គឺមិនអាចកាត់ថ្លៃបានមិនអាចទិញបាន មិនអាចវាយតម្លៃបាន អ៊ីចឹងហើយ សូមឱ្យបន្តគ្រប់សាសនានានានៅកម្ពុជា គ្រប់ប្រជាពលរដ្ឋ គ្រប់ស្ថាប័នពាក់ព័ន្ធនានាបន្តគាំទ្រទៅដល់វីរជនជួរមុខរបស់យើង ដែលជាតួអង្គសំខាន់ថ្វីត្បិតតែសង្គ្រាម តែងតែមានការបាត់បង់ទាំងសងខាង។ »។
ក្រោយការឈ្លានពានរបស់ថៃ ក៏ជាបន្ទាត់ក្រហមមួយ ដើម្បីវាយតម្លៃថា គ្រប់សាសនានៅកម្ពុជា ដើរដល់ចំណុចណាហើយ និងចង់បានអ្វី សម្រាប់អ្នកជំនាន់ក្រោយ និងជាឱកាសមួយសម្រាប់ឱ្យខ្មែររួបរួមគ្នាជាធ្លុងមួយ អភិវឌ្ឍន៍ប្រទេស ប្រឆាំងរាល់ការគំរាមកំហែង ឈ្លានពានពីខាងក្រៅ។
រដ្ឋាភិបាលកម្ពុជា តែងចង់បានមានព្រំដែនជាមួយប្រទេសជិតខាង ជាព្រំដែនដែលមានសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍ។ កម្ពុជា តែងរក្សាខ្ជាប់នូវស្មារតី ភាតរភាព និងព្យាយាមដោះស្រាយបញ្ហាដោយសន្តិវិធី និងរក្សានូវទំនាក់ទំនងល្អជាមួយប្រទេសជិតខាងលើគ្រប់វិស័យ ដើម្បីភាពសុខសាន្ត លំហូរសេដ្ឋកិច្ចទៅវិញទៅមក។ ប៉ុន្តែជាអកុសល ក្នុងឆ្នាំ២០២៥ ស្ថានភាពជាមួយថៃ បានប្រែប្រួល ផ្លាស់ប្តូរពីការប្រាស្រ័យទាក់ទង ដែលធ្លាប់តែល្អប្រសើរ ទៅជាល្អក់កករ និងកើតមានករណីថៃបាញ់សម្លាប់យុទ្ធជនខ្មែរ ដោយមិនដឹងខ្លួននៅថ្ងៃទី២៨ ខែឧសភា។
បន្ទាប់មក នៅស្ថានការណ៍ចេះ តែឡើងកម្ដៅខ្លាំងឡើងៗ និងនៅថ្ងៃទី២៤ ខែកក្កដា ថៃរំលោភឈ្លានពានកាន់តែធ្ងន់ធ្ងរ រហូតដល់ប្រើអាវុធធុនធ្ងន់ ការប្រើយន្តហោះ F 16 ទម្លាក់គ្រាប់បែក ទម្ងន់រាប់តោន បំផ្លាញវត្តអារាម ប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក ដណ្តើមកាន់កាប់ប្រាសាទ និងរាយបន្លាលួស វាតយកទីតាំងព្រំដែនដែលជាភូមិឋានប្រជាពលរដ្ឋកម្ពុជា ដែកបាននិងកំពុងរស់នៅ តាំងពីរាប់ជំនាន់មកហើយ មិនតែប៉ុណ្ណោះ កងទ័ពថៃឈ្លានពាន បានប្រើផ្សែងពុល តែបង្កផលប៉ះពាល់ដល់អាយុជីវិត និងសុខភាព កងទ័ពដែលកំពុងឈរជើងការពារទឹកដី និងប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យប្រជាពលរដ្ឋត្រូវភៀសខ្លួនចាកចេញពីភូមិឋាន ផ្ទះសម្បែង មករស់នៅក្នុងជំរំភៀសសឹក ដ៏លំបាកយ៉ាប់យ៉ឺន ។
ទង្វើរបស់ថៃ គឺជាអំពើអសីលធ៌មមួយយ៉ាងធ្ងន់ធ្ងរ ដែលបង្ករឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ នៃប្រទេសទាំងពីរ និងក្នុងតំបន់ ដែលធ្លាប់តែមានចំណងមិត្តភាពល្អប្រសើរ។ រដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ជំហរដាច់ខាត និងព្យាយាមដោះស្រាយ ដោយសន្តិវិធី តាមការចរចា និងតាមផ្លូវច្បាប់ ដើម្បីបន្ថយកំដៅនៃជម្លោះ ប្រដាប់អាវុធ និងគោរពនូវបទឈប់បាញ់យ៉ាងខ្ជាប់ខ្ជួន ក្នុងគោលដៅរក្សាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ក្នុងតំបន់ និងអាយុជីវិតប្រជាពលរដ្ឋទាំងសងខាង៕
