លោកស្រី ចម និម្មល ៖ ការតាំងពិព័រណ៍ផលិតផលឥណ្ឌាដ៏ធំបំផុត «THE BEST OF INDIA EXPO 2025» គឺជានិមិត្តរូបនៃអនាគតរួម​កម្ពុជានិងឥណ្ឌា ប្រកបដោយវិបុលភាព ការរួបរួម និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធព្រឹត្តិការណ៍ពិព័រណ៍ «THE BEST OF INDIA EXPO 2025» ដែលមានវត្តមានអញ្ជើញចូលរួមពីលោក Vanlalvawna Bawilung ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័ន មន្ត្រីស្ថានទូត និងប្រធានសភាធុរកិច្ចឥណ្ឌានៅកម្ពុជា ប្រធានសភាពាណិជ្ជកម្មឥណ្ឌា ប្រធានសមាគមឥណ្ឌានៅកម្ពុជា និងតំណាងក្រុមហ៊ុនឥណ្ឌា ជាច្រើនរូប នារសៀលថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ការតាំងពិព័រណ៍ផលិតផលឥណ្ឌាដ៏ធំបំផុត «THE BEST OF INDIA EXPO 2025» គឺជានិមិត្តរូបនៃអនាគតរួម​កម្ពុជានិងឥណ្ឌា ប្រកបដោយវិបុលភាព ការរួបរួម និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងក្រសួងពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រុមហ៊ុន Exhicon Events Media Solution Ltd បាននិងកំពុងរៀបចំការតាំងពិព័រណ៍ផលិតផលឥណ្ឌាដ៏ធំបំផុតនៅកម្ពុជា Best of India Expo 2025 ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ នៅអគារកោះពេជ្រ។

នាឱកាសនោះ​ លោកស្រីរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះស្ថាតទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា និងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងនិងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះឡើងបានយ៉ាងល្អប្រសើរ ព្រមទាំងបានថ្លែងអំណរគុណផងដែរចំពោះការជ្រើសយករាជធានីភ្នំពេញ ជាទីតាំងសម្រាប់រៀបចំព្រឹត្តិការណ៍នេះឡើង។

លោកស្រី បានបន្តថា ក្នុងបរិការណ៍បច្ចុប្បន្ន ព្រឹត្តិការណ៍ពិព័រណ៍នេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋឥណ្ឌា។ ពិព័រណ៍នេះ បានស្តែងឱ្យឃើញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ ហើយក៏នឹងជួយបង្កើនតម្លៃបន្ថែម ដោយនាំមកនូវកាលានុវត្តភាពរួមគ្នាលើផ្នែកពាណិជ្ជកម្មនិងវិនិយោគ ព្រមទាំងការស្វែងរកកិច្ចសហការ ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ ផងដែរ ជាពិសេសលើប្រភេទផលិតផលសម្លៀកបំពាក់ សិប្បកម្ម ព្រំ គ្រឿងអលង្ការ សម្ភារៈតុបតែងផ្ទះ ប្រដាប់ប្រដាក្មេងលេង និងផលិតផលពិសេស «ភូមិមួយ ផលិតផលមួយ» របស់ឥណ្ឌា។

លោកស្រីបានបញ្ជាក់ថា «“BEST OF INDIA EXPO 2025” មិនត្រឹមតែជាការសារទរនូវឧត្តមភាពរបស់ប្រទេសឥណ្ឌាតែប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃអនាគតរួម​ ដែលកម្ពុជា និងឥណ្ឌា ប្រកបដោយវិបុលភាព ការរួបរួម និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក»។

លោកស្រីរដ្ឋមន្ត្រី បានរំពឹងថា ពិព័រណ៍នេះនឹងក្លាយជាវេទិកា ដើម្បីពង្រឹងការតភ្ជាប់អាជីវកម្ម ជំរុញសកម្មភាពពាណិជ្ជកម្ម និងវប្បធម៌នៃភាពជាដៃគូដោយផ្អែកលើស្មារតីជឿជាក់គ្នា និង និងសហការគ្នា។

ចំណែកលោក Vanlalvawna Bawilung បានថ្លែងថា The Best of India Expo 2025 ត្រូវបានរៀបចំឡើងដើម្បីបង្ហាញផលិតផលចម្រុះជាច្រើនមុខមកពីប្រទេសឥណ្ឌា រួមមានទំនិញទូទៅ និងទំនិញរបៀប lifestyle គ្រឿងសម្រាប់ក្មេងលេង គ្រឿងអលង្ការ សិប្បកម្ម ផលិតផលកសិកម្ម និងគ្រឿងទេស ផលិតផលសុខុមាលភាព គ្រឿងតុបតែងគេហដ្ឋាន ការផ្តល់ជូនពហុម៉ាកទំនិញនៅក្នុងវិស័យផ្សេងៗ វត្ថុធាតុដើម និងក្រណាត់វាយនភណ្ឌ ក៏ដូចជាផលិតផលពិសេស «ស្រុកមួយ ផលិតផលមួយ» ផងដែរ។ វេទិកានេះ នឹងផ្តល់ឱកាសដ៏សំខាន់សម្រាប់អាជីវកម្មឥណ្ឌា និងកម្ពុជា ដើម្បីចូលរួមដោយផ្ទាល់ បង្កើតភាពជាដៃគូ និងពង្រឹងលទ្ធភាពទទួលបានទីផ្សារ ក៏ដូចជាការណែនាំអ្នកប្រើប្រាស់កម្ពុជាឱ្យស្គាល់ពីភាពសម្បូរបែប និងឧត្តមភាពនៃផលិតផលឥណ្ឌា៕