ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិ ភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ បានលើកឡើងថា ព័ត៌មានក្លែងក្លាយ នៅតែជាអាវុធយុទ្ធសាស្ត្រ ដែលត្រូវបានគេប្រើប្រាស់ ដើម្បីបំបែកបំបាក់មហាសាមគ្គីជាតិខ្មែរ។
ការលើកឡើងបែបនេះ របស់ឯកឧត្តម ប៉ែន បូណា ក្នុងឱកាសដែល អ្នកនាំពាក្យរាជរដ្ឋា ភិបាលកម្ពុជា រៀបចំសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៥នេះ។
ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់យ៉ាងដូច្នេះថា «ព័ត៌មានក្លែងក្លាយ នៅតែជាអាវុធយុទ្ធសាស្ត្រ ដែលគេប្រើប្រាស់កាន់តែច្រើនឡើង ដើម្បីបំបែកបំបាក់មហាសាមគ្គីជាតិខ្មែរ មានគណនីខ្លះ ដាក់ឈ្មោះជាខ្មែរ តែពួកគេមិនមែនខ្មែរទេ ដែលពួកគេបានប្រឌិតព័ត៌មានក្លែងក្លាយ ដើម្បីបំភាន់ពលរដ្ឋខ្មែរ»។
ឯកឧត្តមប្រធានអ្នកនាំពាក្យ បានលើកឡើង ថា ក្រុម MMO ជាពិសេសក្រុមប្រឆាំង នៅក្រៅប្រទេស បានធ្វើជាភ្នាក់ងារចែកចាយបន្ត នូវព័ត៌មានប្រឌិតទាំងនោះ ដូច្នេះសូម បង ?ប្អូនចង់ចាំថា គោលដៅរបស់គេ មិនបម្រើផលប្រយោជន៍ខ្មែរទេ ផ្ទុយទៅវិញ ពួកគេកំពុងបំពុលប្រជាពលរដ្ឋ ឱ្យបាត់នូវជំនឿលើខ្លួនឯង និងជំនឿលើថ្នាក់ដឹកនាំ ដោយធ្វើឱ្យខ្មែរចុះខ្សោយ ។
បន្ថែមពីនោះទៀត ឯកឧត្តមប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានគូសបញ្ជាក់ថា ពលរដ្ឋខ្មែរយើងត្រូវតែមើលឃើញឱ្យច្បាស់ ថា ខ្មែរណាជួយខ្មែរពិតប្រាកដ ហើយខ្មែរ ណាខ្លះ បានហុចដងដាវឱ្យគេ ហើយបំផ្លាញខ្មែរគ្នាឯង នៅក្នុងគ្រាដ៏លំបាកនេះ។
ជាមួយគ្នានេះ ឯកឧត្តម ក៏សូមឲ្យប្រជាពល រដ្ឋខ្មែរចង់ចាំថាអាវុធដ៏ស័ក្តិសិទ្ធិ ក្នុងការយក ឈ្នះសង្គ្រាមចិត្តសាស្ត្រ និងយកឈ្នះការ ទូតពេលនេះ គឺអត់ធ្មត់ កុំជ្រួលច្របល់តាមខ្សែញាក់របស់គេ ហើយបន្តជឿជាក់ លើថ្នាក់ដឹកនាំរបស់កម្ពុជាដែលបន្តដោះស្រាយ ប្រកបដោយភាពវៀងវៃ ដោយយកសន្តិ ភាពជាគោល៕
