វេទិកាសន្ទនាស្តីពី កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូដើម្បីពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិល

នៅថ្ងៃទី២២ សីហា ២០២៥ នៅក្រុងក្រចេះ លោក កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និងលោក ស្រេង សុភាព អភិបាលរងខេត្តក្រចេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាសន្ទនាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូដើម្បីពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិល»។ វេទិកានេះរៀបចំដោយ វ.ស.ស. ដោយមានការចូលរួមពីតំណាងអង្គការ សមាគម សហគមន៍ និងមន្ត្រីរដ្ឋបាលខេត្ត។

លោក កឹមរ័ត្ន វិសិដ្ឋ បានកោតសរសើរកិច្ចសហការល្អរវាងអាជ្ញាធរនិងអង្គការសង្គមស៊ីវិល លើកទឹកចិត្តឱ្យបន្តចូលរួមអភិវឌ្ឍន៍សង្គម ពង្រឹងសមត្ថភាព គោរពច្បាប់ និងថែរក្សាសន្តិភាព ស្ថិរភាព និងអធិបតេយ្យជាតិ។ លោកក៏បានជំរុញឱ្យមានសាមគ្គីភាព ស្នេហាជាតិ និងការពារប្រយោជន៍ជាតិទាមទារនឹងការឈ្លានពានពីថៃ។

លោក ស្រេង សុភាព បានវាយតម្លៃខ្ពស់ចំពោះតួនាទីអង្គការសង្គមស៊ីវិលក្នុងការគាំទ្រសេវាសង្គម សុខភាព ការអប់រំ អភិបាលកិច្ច សិទ្ធិមនុស្ស និងបរិស្ថាន និងសាទរចំពោះការរៀបចំវេទិកាដែលជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការ។

អង្គការសង្គមស៊ីវិលខេត្តក្រចេះបានចេញញត្តិគាំទ្ររាជរដ្ឋាភិបាល ប្តេជ្ញាថែរក្សាសន្តិភាព សន្តិសុខ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយជំរុញឱ្យថៃដោះលែងទាហានកម្ពុជា១៨នាក់ដែលត្រូវបានចាប់ខ្លួនខុសច្បាប់នៅថ្ងៃទី២៩ កក្កដា ២០២៥ និងគោរពបទឈប់បាញ់។