ខេត្តកំពង់ឆ្នាំង ជំរុញការចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ និងគ្រប់គ្រងដីធ្លីមិនបានប្រើប្រាស់

កំពង់ឆ្នាំង៖ លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី «ការរៀបចំតារាងស្ថិតិទិន្នន័យដីធ្លីមិនបានប្រើប្រាស់ និងការជំរុញធ្វើប័ណ្ណកម្មសិទ្ធិទ្រព្យសម្បត្តិរដ្ឋ» នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុកទាំង ៨ និងមេឃុំ-ចៅសង្កាត់ទាំង ៧១ ក្នុងខេត្ត។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បីណែនាំអំពីរបៀបប្រមូលទិន្នន័យដីធ្លីមិនបានប្រើប្រាស់ ពន្លឿនការចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិលើទ្រព្យសម្បត្តិរដ្ឋឱ្យបានគ្រប់ជ្រុងជ្រោយ និងពង្រឹងកិច្ចសហការរវាងអាជ្ញាធរមូលដ្ឋានជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត។

ក្នុងឱកាសនោះ លោកស្រីអភិបាលរងខេត្ត បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធរួសរាន់ដាក់ពាក្យស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋដែលនៅសេសសល់ ដោយសហការផ្ទាល់ជាមួយមន្ទីរជំនាញ។ ចំពោះទីតាំងដីដែលមានទំនាស់ស្មុគស្មាញ ត្រូវដោះស្រាយឱ្យដាច់ស្រឡះជាមុនសិន ទើបបន្តនីតិវិធីធ្វើប័ណ្ណ។

ជាមួយគ្នានេះ អាជ្ញាធរក៏ត្រូវពិនិត្យ និងផ្ទៀងផ្ទាត់តួលេខទីតាំងដីរដ្ឋទាំងអស់ឱ្យបានច្បាស់លាស់ ដើម្បីធានាការពារទ្រព្យសម្បត្តិសាធារណៈ ទប់ស្កាត់ការទន្ទ្រានកាន់កាប់ខុសច្បាប់ និងបង្កើនតម្លាភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន៕