លោក កែ គឹមយ៉ាន បញ្ជូនទូកសង្គ្រោះ ៤៥ គ្រឿង ទៅជួយពលរដ្ឋនៅក្រុងប៉ោយប៉ែត ខណៈទឹកជំនន់កំពុងឡើងខ្លាំង

បន្ទាយមានជ័យ៖ ខណៈទឹកជំនន់តាមបណ្ដោយមាត់អូរព្រំដែនក្នុងក្រុងប៉ោយប៉ែត កំពុងបន្តកើនឡើងខ្ពស់ លោក កែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ បានចាត់ចែងបញ្ជូនទូកសង្គ្រោះចំនួន ៣០ គ្រឿង និងទូកពោងខ្យល់ ១៥ គ្រឿង សរុប ៤៥ គ្រឿង មកកាន់ក្រុងប៉ោយប៉ែត ដើម្បីចូលរួមជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋចេញពីតំបន់ដែលកំពុងប្រឈមនឹងការជន់លិចខ្លាំង។

យោងតាមរបាយការណ៍របស់រដ្ឋបាលក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃដដែលបានឱ្យដឹងថា ទោះបីស្ថានភាពទឹកនៅតំបន់មួយចំនួនមានការថមថយបន្តិចក្ដី ក៏ទឹកជំនន់តាមបណ្ដោយមាត់អូរព្រំដែននៅតែបន្តកើនឡើង និងបង្កការគំរាមកំហែងខ្ពស់។ ក្នុងស្ថានភាពនេះ ក្រុមការងារសង្គ្រោះ និងសមត្ថកិច្ចពាក់ព័ន្ធបានបន្តចុះប្រតិបត្តិការជម្លៀសប្រជាពលរដ្ឋចេញពីតំបន់ប្រឈម ទៅកាន់ទីទួលសុវត្ថិភាព។

ទូកសង្គ្រោះទាំង ៤៥ គ្រឿងត្រូវបានដាក់ពង្រាយចូលរួមក្នុងប្រតិបត្តិការជាក់ស្ដែង ដើម្បីដឹកជញ្ជូនស្បៀងអាហារ និងជម្លៀសគ្រួសាររងគ្រោះចេញពីតំបន់ដែលមានហានិភ័យខ្ពស់ ទៅកាន់ទីទួលសុវត្ថិភាពចំនួន ៤ កន្លែង ដែលអាជ្ញាធរបានរៀបចំទុកជាមុន។

ជាមួយគ្នានេះ រដ្ឋបាលក្រុងប៉ោយប៉ែតបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយមាត់អូរព្រំដែន ឱ្យបង្កើនការប្រុងប្រយ័ត្ន និងត្រៀមខ្លួនជម្លៀសទៅកាន់ទីទួលសុវត្ថិភាព តាមការណែនាំរបស់អាជ្ញាធរ។ ក្រុមការងារសង្គ្រោះនៅតែបន្តប្រចាំការ ២៤ ម៉ោង ដើម្បីអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។