អាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យតាមមណ្ឌលប្រឡង មុននឹងដំណើរការនៃការប្រឡងបាក់ឌុប សម័យប្រឡងថ្ងៃទី ២៨-២៩ ខែសីហា

កំពង់ឆ្នាំង ÷ ដើម្បីឱ្យដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រកបទៅដោយភាពរលូន និងមានលក្ខណៈល្អប្រសើរនោះ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ឯកឧត្តម អ៊ូ វិសាល ប្រធាន ក្រុមការងារដឹកនាំសង្កេតការណ៍ អ.ប.ព. ប្រចាំខេត្ត កំពង់ឆ្នាំង បានអញ្ជើញចុះត្រួតពិនិត្យតាមមណ្ឌលនីមួយៗ ដោយត្រៀមទុកមុនជាស្រេច សំដៅធ្វើយ៉ាងណារៀបចំឱ្យបានមានរបៀបរៀបរយ ខណៈពេលវេលាថ្ងៃប្រឡងរបស់បេក្ខជនកាន់តែខិតចូលមកដល់។

ក្នុងឱកាសនេះដែរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានមានប្រសាសន៍ថា ការចុះត្រួតពិនិត្យស្ថានភាពទូទៅនៅតាមមណ្ឌលប្រឡង បានផ្ដោតសំខាន់ទៅលើបរិវេណមណ្ឌលប្រឡង ឧបករណ៍បំពងសំឡេង ស្ថានភាពអាគារ បន្ទប់ប្រឡងនីមួយៗ និងគ្រឿងបរិក្ខារនានា ព្រមទាំងបន្ទប់បម្រុងទុក ករណីមានបេក្ខជនមានបញ្ហាសុខភាពត្រូវការការសង្គ្រោះបឋមផ្សេងៗ ដើម្បីធានាបានថា ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី២៨-២៩ ឆ្នាំ ២០២៥ ក្នុងក្រុង កំពង់ឆ្នាំង និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ប្រព្រឹត្តទៅដោយរលូន។
គួរបញ្ជាក់ផងដែរសម្រាប់ខេត្តកំពង់ឆ្នាំងមានមណ្ឌលប្រឡងចំនួន ៨មណ្ឌល ស្មើនឹង ១៩០បន្ទប់ មានបេក្ខជនសរុបចំនួន ៤ ៧៣១នាក់ ស្រី ២ ៧៧៧នាក់។
ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រ មាន០១ មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន ០៧មណ្ឌល ។