កំពង់ឆ្នាំង : ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញរួមមានលោក ឈិន តួ នាយ រងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូង បឹង ទន្លេសាប លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងសហការី កងកម្លាំងបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប រួមមានប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង វរ:សេនាតូច ង៧០ វរ:សេនាតូច ង៩១១ លោក យ៉ែម លក្ខិណា គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់លែង និងសហការី សរុបទាំងអស់៣៧នាក់ ដើម្បីចុះពិនិត្យ និងបង្ក្រាបបទល្មើសនេសាទចំនួនពីរស្រុក ក្នុងខេត្តកំពង់ឆ្នាំង។
ក្នុងដំណើរបេសកកម្មនេះ ក្រុមការងារបានចុះប្រតិបត្តិការបង្ក្រាបបទល្មើស នេសាទក្នុងភូមិសាស្ត្រ ចំណុចអង្គរទ្វីប ដល់ទំនប់ ឃុំស្វាយរំពា ស្រុកកំពង់លែង និងចំណុចបឹង សួង ភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ព្រមទាំងរឹបអូស លប លួចប្រើឧបករណ៍នេសាទខុសច្បាប់មួយចំនួនតូចដូចជា: របាំងសាច់អួន ០១ករណី ស្មើនឹង៤កន្លែង ប្រវែង ៤០០ម៉ែត្រ បង្គោល ១៦០ដើម លបលូ ៦មាត់ របាំងស្បៃមុងចំនួន ០១ករណី ស្មើនឹងចំនួន ២០កន្លែង ប្រវែង ១៨៤០ម៉ែត្រ បង្គោល ៦៩០ដើម លបលូ ២២ មាត់ និងចាក់លែងត្រីចម្រុះចូលទន្លេសាបវិញចំនួនប្រមាណ ១៤៥ គីឡូក្រាមផងដែរ។
តាមឯកឧត្តមអនុរដ្ឋលេខាធិការ ក្រុមការងារបានចុះពិនិត្យ និងវាយតម្លៃឃើញថា សកម្មភាពបទល្មើសនេសាទ មានការថយចុះគួរឱ្យកត់សម្គាល់។
ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមការងារចម្រុះ ដែលឈរជើងនៅតាមភូមិសាស្រ្ត របស់ខ្លួន សហការជាមួយក្រុមការងារ កងយោធពលខេមរភូមិន្ទ ទទួលបន្ទុកការងារទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិក្នុងបឹងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង និងផ្ដល់អនុសាសន៍ជូនក្រុមការងារ សហការគ្នាឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ក្នុងការអនុវត្តភារកិច្ច ជួយអភិរក្ស ដើម្បីអភិវឌ្ឍន៍ធនធានជលផលនៅបឹងទន្លេសាប និងបន្តប្រឹងប្រែងបង្រ្កាបបទល្មើសនេសាទ ឆក់ចល័ត និងការពារកន្លែងអភិរក្សជលផល ចែកវេនចេញល្បាតទាំងយប់-ថ្ងៃ រួមគ្នាទប់ស្កាត់បទល្មើសនេសាទឱ្យកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់ ដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា៕
