សេចក្តីណែនាំស្តីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌរបស់គណៈសង្ឃនាយក​នៃព្រះរាជាណាចក្រកម្ពុជា​

ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ គឺជាពិធីប្រពៃណីជាតិមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងឡាយ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនាខ្មែរយើង។ ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌឆ្នាំ២០២៥នេះ នឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃចន្ទ ១រោច ដល់ថ្ងៃចន្ទ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥។

នៅក្នុងពិធីបុណ្យប្រពៃណីជាតិដ៏មានសារសំខាន់នេះ គណៈសង្ឃនាយក គណៈមហានិកាយ នៃ ព្រះរាជាណាចក្រកម្ពុជា សូមធ្វើការណែនាំដល់ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដូចខាងក្រោម៖

-ត្រូវសហការអនុវត្តសេចក្តីណែនាំ របស់ក្រសួងធម្មការ និងសាសនា លេខ ១៦/២៥ ក.ធ.ស.សណន ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ស្តីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឱ្យមានប្រសិទ្ធភាពខ្ពស់ ពិសេស ការរៀបចំពិធីបង្សុកូលឧទ្ទិសមហាកុសលថ្វាយ ប្រគេន និងជូន ព្រះវិញ្ញាណក្ខន្ធ វិញ្ញាណក្ខន្ធរបស់មាតាបិតា បុព្វការីជនគ្រប់ជំនាន់ និងចំពោះវិញ្ញាណក្ខន្ធវីរកងទ័ព ជនរួមជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ និងការធ្វើសង្គហទាន ដោយការចាត់ចែងគ្រឿងឧបភោគ បរិភោគតាមសមគួរ ជូនដល់ជនភៀសសឹក ចាស់ព្រឹទ្ធាចារ្យ ជនពិការ កុមារកំព្រាគ្មានទីពឹង និងជនងាយរងគ្រោះជាដើម។

-ត្រូវបំផុសស្មារតីលើកកម្ពស់សាមគ្គីធម៌ សង្គហធម៌ ស្នេហាជាតិ ប្រកបដោយបញ្ញាញាណ ស្របតាម ពុទ្ធោវាទ។ ព្រះសង្ឃនិងពុទ្ធបរិស័ទគ្រប់រូប ត្រូវខិតខំបំពេញតួនាទី ភារកិច្ចរៀងៗខ្លួនឱ្យបានល្អ លើកកម្ពស់ ការប្រតិបត្តិធម៌វិន័យ ចម្រើនគុណធម៌ សំដៅលើកកម្ពស់សុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត ពង្រឹងភាពធនសង្គម ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយគ្រប់ការប្រឈម សំដៅថែរក្សាសន្តិភាព បូរណភាពទឹកដី និងអភិវឌ្ឍប្រទេសជាតិឱ្យបានរីកចម្រើនជានិរន្តរ៍។

-ត្រូវប្រកាសសច្ចកិរិយា ផ្សាយមេត្តាចិត្ត ដើម្បីសុខសន្តិភាពដល់ព្រះរាជាណាចក្រកម្ពុជា ដោយមាន ការធ្វើកិច្ចនមស្ការព្រះរតនត្រ័យ ចម្រើនព្រះបរិត្ត ចម្រើនសមថកម្មដ្ឋាន វិបស្សនាកម្មដ្ឋាន ប្រកាសសច្ចកិរិយា និងផ្សាយមេត្តាចិត្ត (ដូចមានអត្ថបទប្រគេនភ្ជាប់) រៀងរាល់ពេលធ្វើកិច្ចវត្ត និងរាល់ពេលវេរ ដារ ឆ្លងពិធីបុណ្យ កាន់បិណ្ឌ-ភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃខាងមុខនេះ ។

ទទួលបានសេចក្តីណែនាំនេះ ព្រះមេគណ ព្រះអនុគណ និងព្រះចៅអធិការគ្រប់វត្ត ត្រូវអនុវត្តឱ្យ ទទួលបានប្រសិទ្ធភាពខ្ពស់៕