លោក ទៀ ស្យាម បង្ហើបថាការបង្កើតក្រុមហ៊ុនប្រេងឥន្ធនៈថ្មី ត្រូវការពេលវេលាយូរបន្តិច និងកំពុងរៀបចំនាំចូលស្តុកប្រេងថ្មីពីអាម៉េរិក

លោក ទៀ ស្យាម ជាម្ចាស់អាជីវកម្មម្នាក់ក្នុងចំណោមអ្នកដែលបានទិញសិទ្ធិចែកចាយបន្តពីក្រុមហ៊ុនប្រេងចាស់នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ បានបង្ហើបឲ្យដឹងថា៖ “ដោយរងការឈឺចាប់ជាខ្លាំងពីបញ្ហាដែលបានកើតឡើង ខ្ញុំបានសម្រេចចិត្តក្នុងការបង្កើតក្រុមហ៊ុន PEACE Petroleum Cambodia នេះឡើង ដោយមានការគាំទ្រ និងជ្រោមជ្រែងពីបងប្អូនម្ចាស់ស្ថានីយទាំង ៣៥ ព្រមទាំងសាធារណជន បច្ចុប្បន្ននេះ យើងកំពុងតែរៀបចំនាំចូលស្តុកប្រេងថ្មី ដែលមានប្រភពមកពីក្រុមហ៊ុនដ៏ធំមួយនៅសហរដ្ឋអាមេរិក។”

លោក បានបន្ថែមទៀតថា រាល់ការផ្លាស់ប្តូរបែបផែនរូបរាង និងប្រព័ន្ធថ្មីៗរបស់ស្ថានីយ ត្រូវការពេលវេលា ការរៀបចំ និងសាងសង់ឡើងវិញ ដើម្បីឆ្លុះបញ្ចាំងនូវអត្តសញ្ញាណថ្មីរបស់ PEACE និងចង់បង្កើតនូវបរិយាកាសថ្មី ដើម្បីបំភ្លេចភាពឈឺចាប់ក្នុងអតីតកាល និងដើរលើវិថីមួយប្រកបដោយមោនភាពជាតិខ្មែរ។

សូមជម្រាបជូនថា ក្នុងចំណោមស្ថានីយប្រេងឥន្ធនៈប្រហែល២០០កន្លែង មានតែ ៣៥ស្ថានីយតែប៉ុណ្ណោះដែលប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការផ្តាច់កិច្ចសន្យាជាមួយក្រុមហ៊ុនចាស់ និងផ្លាស់ប្តូរមកជា PEACE Petroleum Cambodia ។ ចំណែកឯលោក ទៀ ស្យាម គ្រាន់តែជាម្នាក់ក្នុងចំណោមអ្នកដែលបានទិញសិទ្ធិចែកចាយបន្តពីក្រុមហ៊ុនចាស់ ហើយជាម្ចាស់ស្ថានីយប្រេងឥន្ធនៈតែពីរកន្លែងប៉ុណ្ណោះ ក្នុងនោះមានស្ថានីយប្រេងឥន្ធនៈមួយកំពុងដំណើការ និងស្ថានីយប្រេងឥន្ធនៈមួយទៀតកំពុងសាងសង់នៅឡើយ។