វគ្គបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រឹះស្ថិតិ អនុវត្តន៍នៅថ្នាក់ក្រោមជាតិទៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ÷ វគ្គបណ្តុះបណ្តាល ស្តីពីមូលដ្ឋានគ្រឹះស្ថិតិ អនុវត្តន៍ នៅថ្នាក់ក្រោមជាតិ បានធ្វើឡើងនាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម រិន វិរ: ទីប្រឹក្សាផ្ទាល់សម្តេច មហាបវរធិបតីនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងផែនការ និងជា អនុប្រធានក្រុមប្រឹក្សា វិទ្យាស្ថានជាតិនៃក្រសួងផែនការ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឌឹម ឌន ប្រធានមន្ទីរផែនការខេត្ត និងប្រតិភូអមដំណើរក្រសួងផែនការ នាយករដ្ធបាលសាលាខេត្ត និង តំណាងអង្គភាពពាក់ព័ន្ធ រួមនិងមន្រ្តីមន្ទីរផែនការផងដែរ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មានប្រសាសន៍បានសម្ដែងនូវការកោតសរសើរចំពោះការចូលរួមរបស់មន្ត្រីនៃមន្ទីរអង្គភាពជំនាញជុំវិញខេត្ត ក្នុងការចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី មូលដ្ឋានគ្រឹះស្ថិតិអនុវត្តន៍ ដែលមានអត្ថប្រយោជន៍ដល់មន្ត្រីរាជការ របស់មន្ទីរ អង្គភាពជំនាញដោយទទួលបានចំណេះដឹងស្ដីពីមូលដ្ឋានគ្រឹះក្នុងការធ្វើការងារប្រមូលទិន្នន័យស្ថិតិ រក្សាទុកចងក្រងការវិភាគផ្សព្វផ្សាយសម្រាប់ប្រើប្រាស់ព័ត៌មាន និងក្នុងការអនុវត្តការងារ មានភាពច្បាស់លាស់គ្រប់ជ្រុងជ្រោយប្រកបដោយគុណភាពស្របតាមបច្ចេកទេសស្ថិតិ តាមស្តង់ដារជាតិនិងអន្តរជាតិ និងបានចូលរួមយ៉ាងសកម្ម ក្នុងការធ្វើកិច្ចការបច្ចុប្បន្នភាពព័ត៌មាននិងទិន្នន័យកាន់តែមានច្រើនឡើង។

ឯកឧត្តម អភិបាលខេត្ត សង្ឃឹមយ៉ាងវុធមាំថាវគ្គបណ្ដុះបណ្ដាលនេះនឹងផ្ដល់នូវចំណេះដឹងជំនាញនិងសមត្ថភាពស្ដីពីមូលដ្ឋានគ្រឹះស្ថិតិដែលមានប្រយោជន៍ ក្នុងការបំពេញការងារប្រចាំថ្ងៃជូនដល់លោកលោកស្រីជាសិការណ៍ដែលចូលរួមសុទ្ធតែជាមន្ត្រីមកពីមន្ទីរអង្គភាពជំនាញជុំវិញខេត្ត។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម រិន វីរៈ បានមានប្រសាសន៍ថា សិក្ខាកាមមកពីមន្ទីរអង្គភាពជុំវិញខេត្ត បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ជាពិសេសមន្ត្រីដែលមិនធ្លាប់ទទួលបានការបណ្តុះបណ្តាលស្ថិតិប្រជាសាស្ត្រនេះពីមុនមក ព្រោះវគ្គនេះផ្តល់ជាចំណេះដឹងមូលដ្ឋានស្ថិតិ ហើយការបណ្តុះបណ្តាលពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងធនធានមនុស្សលើផ្នែកស្ថិតិ ដើម្បីធ្វើឲ្យប្រព័ន្ធស្ថិតិជាតិមានការប្រសើរឡើង។

ឯកឧត្តម បានមានប្រសាសន៍បន្តថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលធនមនុស្ស ជាពិសេសក្នុងក្របខ័ណ្ឌការងារស្ថិតិ ដោយអនុវត្តតាមប្រសាសន៍របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដើម្បីឆ្លើយតបទៅនឹងតម្រូវការសម្រាប់រាជរដ្ឋាភិបាលប្រើប្រាស់ទាន់ពេល ក្នុងការវាយតម្លៃស្ថានភាពកំពុងកើតមាន ការវិភាគរកបញ្ហា និងការឆ្លើយតប និងការលើកផែនការសម្រាប់អនាគតចំគោលដៅ។