កាលពីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ក្រសួងព័ត៌មាន បើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតមធ្យម លើកទី១ ស្តីពីបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ ការផលិតព័ត៌មាន និងការផលិតមាតិកាផ្សព្វផ្សាយ ក្រោមអធិបតីភាព ឯកឧត្តម គឹម គុណវឌ្ឍន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការចូលរួមពី គ្រូឧទ្ទេសចំនួន៧រូប ព្រមទាំងបណ្តាអង្គភាពនានា និងសិក្ខាកាមជាង ១០០នាក់ នៅសាល មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន។
ក្នុងវគ្គបណ្តុះបណ្តាលនេះចែកចេញជា៣វគ្គ និង៣ជំនាញរួមមាន ជំនាញស្ដីពី ការផលិតមាតិកា ជំនាញស្ដីពី ការផលិតព័ត៌មាន ជំនាញស្ដីពី បច្ចេកវិទ្យាក្នុងវិស័យព័ត៌មាន និងផ្សព្វផ្សាយ រយៈពេល៥ថ្ងៃគឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ខែសីហា ឆ្នាំ២០២៥ ដែលដំណើរការព្រមគ្នា សម្រាប់អគ្គនាយកដ្ឋានទាំ៤ រួមមាន គឺអគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិកម្ពុជា អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា និងអគ្គនាយកដ្ឋាន ព័ត៌មាននិងសោតទស្សន៍ ផងដែរ។
វគ្គបណ្តុះបណ្តាលនេះត្រូវបានធ្វើឡើងក្នុងគោលបំណង ចែករំលែកបទពិសោធន៍ និងការលើកកម្ពស់គុណភាពការងារមន្ត្រីក្នុងវិស័យព័ត៌មសននិង សោតទស្សន៍ និងបង្កើនសមត្ថភាពបច្ចេកទេស និងគុណភាពព័ត៌មាន គោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ជូនដល់មន្ត្រីក្នុងក្របខណ្ឌនៃក្រសួងព័ត៌មាន។
នៅក្នុងឱកាសនោះ ឯកឧត្តម គឹម គុណវឌ្ឍន៍ បានមានមានប្រសាសន៍ថា ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ការសិក្សារពេញមួយជីវិត មានន័យថាជាការចែករំលែកចំណេះដឹងដល់គ្រប់ជំនាន់ ហើយនេះជាជំនាន់ទីពីរបើគិតចាប់ពីជំនាន់ទី១ កាល ពី៤៧ឆ្នាំកន្លងទៅ ក្នុងទម្រង់ផ្សព្វ ផ្សាយព័ត៌មានតាមបែបប្រពៃណី រីឯជំនាន់ទីពីរ គិតចាប់ពីសម័យឌីជីថល ក្នុងនាមជាអ្នកសារព័ត៌មាននិងជាអ្នកបន្តវេនក្នុងវិស័យ ឌីជីថល ឯកឧត្តមសង្ឃឹមថា សិក្ខាកាមយល់ ឱ្យបានច្បាស់អំពីបញ្ញាសិប្បនិមិត្តដែលបានផ្ដល់ផលប្រយោជន៍យ៉ាងណាដល់វិស័យព័ត៌មាន។
ឯកឧត្តមបានបន្តថាអ្នកសារព័ត៌មានមានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជា មួយរាជរដ្ឋាភិបាលដោយទាំងអស់ សារព័ត៌មាននិងប្រជាពលរដ្ឋ ធ្វើយ៉ាងណាសម្រេចនូវគោលដៅរបស់ រដ្ឋាភិបាល ដើម្បីផលប្រយោជន៍ ជាតិ ក៏ដូចជាផលប្រយោជន៍យើងទាំងអស់គ្នា។
