ភ្នំពេញ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥  ក្នុងជំនួបសម្តែងការគួរសមជាមួយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក Enrico Gaveglia តំណាងប្រចាំប្រទេស ដែលទើបត្រូវបានតែងតាំងថ្មីសម្រាប់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) នៅកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ នវានុវត្តន៍ និងសហគ្រាសធុនតូច និងមធ្យម គឺជាឱកាសគន្លឹះក្នុងការពន្លឿនវឌ្ឍនភាពរបស់កម្ពុជា។

ក្នុងជំនួបនោះ លោក Gaveglia បានកោតសរសើរចំពោះការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល និងបានរំលេចពីការគាំទ្ររបស់ UNDP ក្នុងការចូលរួមបង្កើតក្របខ័ណ្ឌត្រួតពិនិត្យតាមដាន និងវាយតម្លៃ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីខែកក្កដា។

លោក Gaveglia បានលើកឡើងថា៖ “យើង រង់ចាំស្តាប់ និងស្វែងយល់ពីបញ្ហាប្រឈមរបស់រាជរដ្ឋាភិបាល ដើម្បីកំណត់អាទិភាពដែល UNDP អាចផ្តល់តម្លៃបន្ថែមខ្ពស់បំផុត។

ឯកឧត្តម ហែម វណ្ណឌី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគាំទ្រដំណើរចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចរបស់កម្ពុជានៅឆ្នាំ២០២៩ និងបង្កើនភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក។ ឯកឧត្តមក៏បានរំលេចពីកិច្ចខិតខំកែទម្រង់របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការកែលម្អសេវាសាធារណៈ ពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងលើកកម្ពស់អនុលោមភាពជាការវិនិយោគយុទ្ធសាស្ត្រសម្រាប់កំណើនរយៈពេលវែង។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ “កម្ពុជាត្រូវការពង្រឹងមូលដ្ឋានឧស្សាហកម្ម និងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ដើម្បីបង្កើនភាពប្រកួតប្រជែងជាសាកលរបស់ខ្លួន។

អាទិភាពរបស់យើងគឺអភិវឌ្ឍសហគ្រាស ធុនតូច និងមធ្យម លើកកម្ពស់ស្តង់ដារ និងជំរុញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីឱ្យ សហគ្រាសទាំងនេះអាចរីកចម្រើនប្រកបដោយនិរន្តរភាព និងដើរតួនាទីស្នូលនៅក្នុងសេដ្ឋកិច្ច។”

ឯកឧត្តមបានស្នើឱ្យ UNDP បន្តតម្រង់ទិសកម្មវិធីអភិវឌ្ឍន៍ ជំនួយបច្ចេកទេស និងការកៀរគរធនធានរបស់ខ្លួន ជាមួយនឹងអាទិភាពអភិវឌ្ឍន៍ជាតិរបស់កម្ពុជា ពិសេសការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូចនិងមធ្យម ហិរញ្ញប្បទានបៃតងប្រកបដោយនិរន្តរភាព បរិវត្តកម្មឌីជីថលក្នុងវិស័យកម្មន្តសាល និងការអភិវឌ្ឍជំនាញសម្រាប់កម្លាំងពលកម្មអនាគត។