សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតី «ពិធីបួងសួងចម្រើនសេចក្តីសុខ» នៅខេត្តសៀមរាប

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អមដំណើរដោយ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី «ពិធីបួងសួងចម្រើនសេចក្តីសុខ» ដែលត្រូវបានប្រារព្ធធ្វើនៅ (១)ទីសក្ការៈព្រះអង្គចេកព្រះអង្គចម (២)តំបន់អភិរក្សអង្គរ និងនៅ (៣)ប្រាសាទអង្គរតូច នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។

«ពិធីបួងសួងចម្រើនសេចក្តីសុខ» ក្នុងគោលបំណងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ បារមីព្រះអង្គចេក-ព្រះអង្គចម បារមីគ្រប់ព្រះអង្គនៅក្នុងទីឋានអភិរក្សអង្គរ ដួងវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ មហាបុព្វបុរសដូនតាខ្មែរ ដួងព្រលឹងមេទ័ពតូច-ធំ សូមប្រោះព្រំព្រះរាជាណាចក្រកម្ពុជាឱ្យមានសុខសន្តិភាព ជាតិសុខសាន្តត្រាណ រីកចម្រើននិងអភិវឌ្ឍជាលំដាប់ ចៀសឆ្ងាយពីសត្រូវឈ្លានពាន យាយីទាំងឡាយ ជាពិសេសគឺសូមតាមថែរក្សាពុកម៉ែ អ៊ំពូមីង បងប្អូនប្រជាជនកម្ពុជាគ្រប់ៗរូប រួមទាំងវីរកងទ័ពទាំងអស់មានសុខភាពល្អបរិបូរណ៌ មានសុខសុវត្ថិភាព រស់នៅប្រកបរបររកទទួលទានមានបាន និងសូមជួបតែពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លៀតក្នុងឱកាសដែលប្រជាជនកម្ពុជាទូទាំងប្រទេសកំពុងប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ដែលថ្ងៃនេះជាថ្ងៃបិណ្ឌ៨ “លោកជំទាវបណ្ឌិត” សូមគោរពជូនពរបងប្អូនជនរួមជាតិខ្មែរ សូមធ្វើដំណើរគ្រប់ទិសទីប្រកបដោយសុខសុវត្ថិភាព ទៅដល់គោលដៅ និងត្រឡប់មកដល់ផ្ទះវិញដោយស្នាមញញឹមផងដែរ៕