កំពង់ឆ្នាំង÷រដ្ឋបាលខេត្តកំពង់ឆ្នាំង សហការ ជាមួយក្រសួងទេសចរណ៍បើកសិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពីគ្រោះថ្នាក់នៃគ្រឿង ញៀនដល់ប្រតិបត្តិករ និងបុគ្គលិកបម្រើការនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម នួន សុមេធ រដ្ធលេខាធិការក្រសួងទេសចរណ៍ អនុប្រធានអចិន្រ្តៃយ៍ គណ:កម្មាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ។ ដោយមានការអញ្ជើញចូលរួមពីលោក នៃ ចារី អភិបាលរងខេត្ត ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខា-ធិការរងនៃអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង.ស្រុក តំណាងម្ចាស់ សណ្ធាគារ ផ្ទះសំណាក់ និងប្រតិបត្តិករក្នុងខេត្តផងដែរ ។
លោក នៃ ចារី អភិបាលរងខេត្តបានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្តសូមថ្លែងអំណរគុណចំពោះក្រសួងទេសចរណ៍ ដែលបានបើកសិក្ខាសាលាដ៍មានសារ:សំខាន់នេះ ដើម្បីបញ្រាបការយល់ដឹងគាត់តែច្បាស់អំពីវិធានការទប់ស្កាត់គ្រឿងញៀន ។ លោកបានបន្តថាក្នុងរយះពេល៩ខែឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តបានចុះផ្សព្វផ្សាយនិងអប់រំអំពី ផលប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន តាមគ្រឹះស្ថាន សាលារៀនចំនួន៤៨លើក មានលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន ២៧៤២៥នាក់ និងចុះផ្សព្វផ្សាយនិងអប់រំអំពីផលប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន តាមមូលដ្ឋានចំនួន ១៨៧លើក មានប្រជាពលរដ្ឋ ចូលរួមចំនួន ២៩០៥៧នាក់។
មានប្រសាសន៍បើកក្នុងឱកាសនោះ ឯកឧត្តម នួន សុមេធ រដ្ធលេខាធិការក្រសួងទេសចរណ៍ បានគួសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហាអាទិភាពមួយក្នុងចំណោមបញ្ហាអាទិភាពមួយចំនួនទៀត ដែលត្រូវដោះស្រាយចំពោះមុខ ដើម្បីកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀនឱ្យអស់ពីកម្ពុជា។
ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលបានបញ្ចូលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីធានាឱ្យ បាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសុខមាលភាពរបស់ប្រជាជន។
ឯកឧត្តម នួន សុមេធ បានបន្តថា សិក្ខាសាលានេះជាសញ្ញាណថ្មីមួយទៀតបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមលុបបំបាត់គ្រឿងញៀនក្នុងវិស័យទេសចរណ៍ ដែលនេះទាមទារឱ្យមានការចូលរួមពីគ្រប់វិស័យគ្រប់ផ្នែក និងគ្រប់ស្រទាប់ទាំងអស់។ បញ្ហាគ្រឿងញៀនជាបញ្ហារួមដែលតម្រូវអោយមានការចូលរួមដោះស្រាយទាំងអស់គ្នា និងដើម្បីឆ្លើយតបជាមួយរាជរដ្ធាភិបាលដែលមានឆន្ទ:មុតស្រួចក្នុងការលុបបំបាត់គ្រឿងញៀនអោយអស់ពីប្រទេសកម្ពុជា ។
