ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៥ សីហា ២០២៥ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនពលរដ្ឋភៀសខ្លួនពីតំបន់ព្រំដែន និងភរិយាយោធិនជួរមុខ ១០៥គ្រួសារ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

អំណោយរួមមានអង្ករ ២៥គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ កន្ទេល សាប៊ូ ឃីត (មុង ក្រមា) និងថវិកា ៥០,០០០រៀល ក្នុងមួយគ្រួសារ។

ឯកឧត្តមបាននាំប្រសាសន៍សួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានក្តិយសដោយសង្កត់ធ្ងន់លើការយកចិត្តទុកដាក់ជួយសម្រាលទុក្ខលំបាកជនរងគ្រោះ និងជនងាយរងគ្រោះ ដោយមិនរើសអើង។

ឯកឧត្តមក៏បានណែនាំឱ្យប្រជាពលរដ្ឋថែទាំសុខភាពតាមវិធានអនាម័យ និងអំពាវនាវ ឱ្យអ្នកចង់រកការងារទៅទាក់ទងមន្ទីរការងារខេត្ត ដែលមានតម្រូវការកម្លាំងពលកម្មជាង ១៨,០៦០០ កន្លែងផងដែរ ។