កំពង់ឆ្នាំង៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានរៀបចំប្រជុំផ្សព្វផ្សាយប្រកាសលេខ ២៩៤ ប្រ.ក ពម របស់ក្រសួងព័ត៌មាន ដែលចេញផ្សាយជាផ្លូវការកាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
ការប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឈាង វណ្ណៈ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក ហឹង ចូច អនុប្រធានមន្ទីរ ព្រះខេមរត្ថេរ ប៉ែន សេដ្ឋា ព្រះរាជា គណៈកិត្តិយស នាយកវិទ្យុសំឡេងព្រះធម៌ FM 102.70MHz និងជាព្រះចៅអធិការវត្តពលិសបព្វតារាម ភ្នំសន្ទូច ព្រមទាំងមន្ត្រីការិយាល័យជំនាញនៃមន្ទីរព័ត៌មានខេត្ត និងក្រុមអ្នកសារព័ត៌មានក្នុងខេត្តជាច្រើនរូប។
របស់ក្រសួងព័ត៌មាននេះមានគោលបំណងកំណត់លក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មានសម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ដើម្បីពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាន លើកកម្ពស់វិជ្ជាជីវៈ ពង្រឹងគុណភាពព័ត៌មាន និងរួមចំណែកដល់សុវត្ថិភាពព័ត៌មាននៅកម្ពុជា។
ប្រកាសលេខ ២៩៤ ប្រ.ក ពម របស់ ក្រសួងព័ត៌មាននេះត្រូវបានចេញដោយលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា ដើម្បីធានាថាអ្នកអនុវត្តការងារព័ត៌មានមានគុណវុឌ្ឍិគ្រប់គ្រាន់ និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ដែលជួយលើកកម្ពស់កិត្យានុភាពសារព័ត៌មានកម្ពុជា និងបម្រើផលប្រយោជន៍ជាតិ និងសាធារណៈជន។ ការផ្សព្វផ្សាយនេះនឹងជួយឱ្យអ្នកសារព័ត៌មាន និងអង្គភាពពាក់ព័ន្ធក្នុងខេត្តកំពង់ឆ្នាំងយល់ដឹងច្បាស់លាស់ និងអនុវត្តតាមប្រកាសនេះឱ្យបានត្រឹមត្រូវ។
ការប្រជុំនេះបង្ហាញពីការយកចិត្តទុកដាក់របស់មន្ទីរព័ត៌មានខេត្តក្នុងការជំរុញការអនុវត្ត បទប្បញ្ញត្តិថ្មី ដើម្បីធានាឱ្យវិស័យព័ត៌មាន និង សោតទស្សន៍នៅតែរីកចម្រើនប្រកបដោយវិជ្ជាជីវៈ និងទទួលខុសត្រូវ។
