កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំបង្កើតមជ្ឈមណ្ឌលមនុស្សចាស់ជរា នៅស្រុកកំពង់ត្រឡាច

កំពង់ឆ្នាំង៖ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារការរៀបចំបង្កើតមជ្ឈមណ្ឌលចាស់ជរា ដែលគ្រោងបង្កើតនៅភូមិធ្នង់ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំនេះមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះកុសលសត្ថា ឆៃ សៅ ព្រះរាជគណៈថ្នាក់កិត្តិយស ព្រះជំនួយការសាលាគណខេត្តកំពង់ឆ្នាំងព្រះសមុហ៍នុគណស្រុកកំពង់ត្រឡាចនិងជាព្រះចៅអធិការវត្តចន្ទសូរិយាក្រឡាញ់ ឯកឧត្តម ជាង សិឡាសុមាឫទ្ធិវង្ស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកកំពង់ត្រឡាច ឧកញ៉ា ឃ្នួរ ម៉ាត់សា ប្រធានគណៈដឹកនាំ សាសានាឥស្លាមក្រុមកនអ៊ីម៉ាំសាន់ លោក ឈិន សេងងួន អភិបាលរង នៃគណៈអភិបាលរងខេត្តកំពង់ឆ្នាំង លោក វន ស៊ីផា អភិបាលនៃគណៈអភិបាលស្រុកកំពង់ត្រឡាច និងឯកឧត្តម លោក លោកស្រី ជាក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រឡាច តំណាងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង ក្រុមប្រឹក្សាឃុំ អូរឫស្សី និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។

នៅក្នុងកិច្ចប្រជុំបានពិភាក្សាលើលក្ខន្តិកៈ និងនីតិវិធីក្នុងការបង្កើតមជ្ឈមណ្ឌល ដើម្បីឱ្យស្របតាមលិខិតបទដ្ឋានគតិយុត្តនានា នៅក្នុងព្រះរាជាណា ចក្រកម្ពុជា។ ក្នុងនោះ កិច្ចប្រជុំក៏បានពិភាក្សាលើ ការរៀបចំសាងសង់អាគារចាស់ជរាផងដែរ រួមមានកន្លែងស្នាក់នៅរបស់ចាស់ជរា ការិយាល័យរដ្ឋបាល កន្លែងទទួលទានអាហារ និងកន្លែងចម្អិនម្ហូបអាហារ និងកិច្ចការងារពាក់ព័ន្ធមួយចំនួននៃដំណើរការសាងសង់មជ្ឈមណ្ឌលនេះ។

កិច្ចប្រជុំក៏បានកំណត់យកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ខាងមុខនេះ សម្រាប់ការរៀបចំពិធីប្រុងពលីសាងសង់មជ្ឈមណ្ឌលនេះ។

សូមបញ្ជាក់ផងដែរថា នៅក្នុងដំណាក់កាលដំបូងនេះ មជ្ឈមណ្ឌលនេះ នឹងទទួលយកតែមនុស្សវ័យចាស់ ដែលមានស្រុកកំណើត និងទីកន្លែងស្នាក់នៅជាអចិន្រ្តៃយ៍នៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង តែប៉ុណ្ណោះ៕