លោក​ សាន់ យូ​ ចុះ​ពិនិត្យ​និង​អន្តរាគមន៍​សង្គ្រោះ​ស្រូវ​ប្រាំង​លើ​ផ្ទៃ​ដី​៧០​ហិច​តា​ នៅ​ក្នុង​ឃុំដារ​ ស្រុក​កំពង់លែង

កំពង់ឆ្នាំងៈ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៦ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំដារ ស្រុកកំពង់លែង បានដឹកនាំក្រុមការងារ រួមទាំងមន្ត្រីអាជ្ញាធរភូមិ និងឃុំ ចុះទៅពិនិត្យស្ថានភាពជាក់ស្តែង និងអន្តរាគមន៍បន្ទាន់លើវិស័យកសិកម្ម ជាពិសេសករណីស្រូវប្រាំងរបស់ប្រជាកសិករ ដែលកំពុងប្រឈមនឹងការខ្វះខាតទឹកស្រោចស្រព លើផ្ទៃដីប្រមាណ ៧០ ហិកតា នៅក្នុងឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ការចុះពិនិត្យ និងអន្តរាគមន៍នេះ ធ្វើឡើងបន្ទាប់ពីមានការណែនាំពីថ្នាក់ដឹកនាំខេត្ត ដើម្បីឆ្លើយតបទៅនឹងស្ថានភាពអាកាសធាតុ និងការរីងរាក់នៃប្រភពទឹក ដែលអាចប៉ះពាល់ដល់ទិន្នផលស្រូវប្រាំងរបស់ប្រជាកសិករ។

ការចុះពិនិត្យនេះនៅទីតាំងជាក់ស្តែង រួមទាំងទំនប់ទឹកជីខ្លា ស្ថិតក្នុងភូមិដារ ឃុំដារ ដែលបច្ចុប្បន្នកំពុងជួបបញ្ហារីងរាក់ និងមានហានិភ័យខ្វះខាតទឹកសម្រាប់ស្រោចស្រពស្រូវប្រាំងនាពេលខាងមុខ។

ដើម្បីដោះស្រាយបញ្ហានេះបានទាន់ពេលវេលា លោក សាន់ យូ បានសម្រេចចិត្តអនុវត្តវិធានការបន្ទាន់ គឺដាក់លូកាត់ទទឹងផ្លូវចំនួន ៨ លូ ដើម្បីបង្ហូរទឹកឱ្យហូរចូលស្រែបានលឿន និងមានប្រសិទ្ធភាព ដោយផ្តោតជាពិសេសលើផ្ទៃដីស្រូវប្រាំងប្រមាណ ៧០ ហិកតា ដែលកំពុងប្រឈមខ្លាំងបំផុត។ វិធានការនេះ មានគោលដៅរក្សាស្ថិរភាពទឹក និងការពារកុំឱ្យស្រូវរងការខូចខាតដោយសារគ្មានទឹកគ្រប់គ្រាន់។

ក្នុងឱកាសនោះ លោក សាន់ យូ ក៏បានណែនាំអាជ្ញាធរភូមិ និងឃុំឱ្យចុះពិនិត្យ តាមដានស្ថាន ភាពជាប្រចាំថ្ងៃ និងរាយការណ៍ភ្លាមៗប្រសិនបើមានបញ្ហាបន្ថែម ឬការប្រែប្រួលណាមួយ ដើម្បីឱ្យអាចចាត់វិធានការអន្តរាគមន៍បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត។

សកម្មភាពនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំខេត្តចំពោះជីវភាព និងការងារ បង្កបង្កើនផលរបស់ប្រជាកសិករ ដែលជាកម្លាំងស្នូលនៃសេដ្ឋកិច្ចជាតិ ជាពិសេសនៅតំបន់ដែល ពឹងផ្អែកលើកសិកម្មដូចជាស្រុកកំពង់លែង។ ការអន្តរាគមន៍បន្ទាន់នេះ រំពឹងថានឹងជួយកាត់បន្ថយ ហានិភ័យ និងរួមចំណែកឱ្យប្រជាកសិករទទួលបានទិន្នផលល្អ ទោះបីជាមានបញ្ហាប្រឈមខ្វះទឹកក៏ដោយ។