កំពង់ឆ្នាំង៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ។
ឯកឧត្តម ឆាយ ឫទ្ធិសែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាបំពេញភារកិច្ចប្រកបដោយទំនួលខុសត្រូវ និងសម្រេចបានលទ្ធផលគួរឱ្យមោទនភាព ដោយផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋ។
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មានតួនាទីសំខាន់ក្នុងការតម្រង់ទិស គាំទ្រ និងជំរុញការលើកកម្ពស់សមត្ថភាពស្ថាប័នមូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់ការងាររបស់មូលដ្ឋាន។ ការងារនេះផ្តោតលើការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់ផ្សេងៗរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋាន លើកកម្ពស់ការផ្តល់សេវាសាធារណៈ និងដោះស្រាយតម្រូវការ សំណើ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននីមួយៗ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
