ក្រុមការងារមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សហការជាមួយរដ្ឋបាលស្រុកទឹកផុស បានបន្តដឹកនាំយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមទិសស្លោក «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!»

កំពង់ឆ្នាំង៖ ក្រុមការងារមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សហការជាមួយរដ្ឋបាលស្រុកទឹកផុស បានបន្តដឹកនាំយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមទិសស្លោក «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ទៅកាន់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន ១៤៧៦នាក់ នៅវិទ្យាល័យ ហ៊ុន សែន ទឹកផុស ស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

លោក ឈាង វណ្ណះ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយយុទ្ធនាការនេះដោយផ្ទាល់ ដើម្បីបញ្ជ្រាបចំណេះដឹងអំពីអក្ខរកម្មព័ត៌មានវិទ្យា និងសារៈសំខាន់នៃការផ្ទៀងផ្ទាត់ប្រភពព័ត៌មានមុននឹងជឿ ឬចែករំលែក។ សកម្មភាពនេះជាផ្នែកមួយនៃការអនុវត្តយុទ្ធនាការជាតិដែលចាប់ផ្តើមតាំងពីឆ្នាំ២០២៥ ដើម្បីពង្រឹងសន្តិសុខព័ត៌មាន រក្សាសណ្តាប់ធ្នាប់សង្គម និងការពារប្រជាពលរដ្ឋពីគ្រោះថ្នាក់ដែលបង្កឡើងដោយព័ត៌មានក្លែងក្លាយ ឬព័ត៌មានបំភ្លៃការពិត។

លោក ហឹង ចូច អនុប្រធានមន្ទីរព័ត៌មានខេត្ត បានគូសបញ្ជាក់ថា មន្ទីរបានចុះធ្វើសកម្មភាពប្រឆាំងព័ត៌មានក្លែងក្លាយតាមគ្រប់ទីកន្លែង រួមមាន អង្គភាពរដ្ឋ សាលារៀន ទីប្រជុំជន ទីផ្សារ និងការដង្ហែក្បួន ដើម្បីធានាថាប្រជាពលរដ្ឋទទួលបានតែព័ត៌មានពិត ងាយស្រួលសម្រេចចិត្ត និងការពារភាពវឹកវរចលាចលក្នុងសង្គម។ គោលបំណងសំខាន់គឺផ្សព្វផ្សាយចំណេះដឹងអំពីអក្ខរកម្មព័ត៌មានវិទ្យា ដល់ថ្នាក់ដឹកនាំ អាជ្ញាធរដែនដី លោកគ្រូអ្នកគ្រូ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋដែលប្រើប្រាស់បណ្តាញសង្គម ដោយតម្រូវឲ្យផ្ទៀងផ្ទាត់ប្រភពច្បាស់លាស់មុននឹងជឿទុកចិត្ត ឬចែករំលែកបន្ត។

លោក សុខ សុន្ធី អភិបាលរងស្រុកទឹកផុស បានសម្តែងក្តីសោមនស្សចំពោះសកម្មភាពនេះ ដែលធ្វើឡើងនៅក្នុងដែនដីស្រុករបស់ខ្លួន ហើយបានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋត្រូវមានសេចក្តីសុខ សុវត្ថិភាព និងភាពរីកចម្រើន តាមរយៈការទទួលបានព័ត៌មានពិតក្នុងជីវភាពប្រចាំថ្ងៃ។ លោកបានបញ្ជាក់ថា បើប្រជាពលរដ្ឋចេះផ្ទៀងផ្ទាត់ព័ត៌មានក្លែងក្លាយ និងមិនចែករំលែកព័ត៌មានផ្តេសផ្តាស វានឹងនាំមកនូវភាពស្ងប់សុខ កាត់បន្ថយការខាតពេលដោះស្រាយបញ្ហាដែលកើតឡើងពីព័ត៌មានប្រឌិត និងជួយអភិវឌ្ឍសហគមន៍ ព្រមទាំងគ្រប់គ្រងសាធារណៈមតិបានល្អ។

លោកអភិបាលរងស្រុកបានសំណូមពរដល់សិស្សានុសិស្សទាំងអស់ ដែលជាយុវជនជំនាន់ក្រោយ ឲ្យខិតខំរៀនសូត្រ យល់ដឹងពីអក្ខរក្រមព័ត៌មាន ប្រើប្រាស់បណ្តាញសង្គមឲ្យមានប្រយោជន៍សម្រាប់ការសិក្សា និងមិនត្រូវចែករំលែកព័ត៌មានក្លែងក្លាយជាដាច់ខាត។ លោកបានគូសបញ្ជាក់ថា មនុស្សម្នាក់ជាអ្នករួមចំណែកឲ្យសង្គមមានសន្តិសុខ និងរីកចម្រើន តាមរយៈការទទួលបាន និងចែករំលែកតែព័ត៌មានពិតប៉ុណ្ណោះ។

យុទ្ធនាការនេះបន្តធ្វើឡើងយ៉ាងសកម្មនៅទូទាំងខេត្តកំពង់ឆ្នាំង និងស្របតាមទិសដៅជាតិរបស់ក្រសួងព័ត៌មាន ដើម្បីកសាងសង្គមដែលមានសុវត្ថិភាពព័ត៌មាន និងសណ្តាប់ធ្នាប់សង្គមរឹងមាំ។