កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមពីរនាក់ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិក្នុងបន្ទប់ជួល

កំពង់ឆ្នាំង៖ នៅវេលាម៉ោង១១:០០ នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីអំពើលួចទ្រព្យសម្បត្តិ នៅចំណុចបន្ទប់ជួលឈ្មោះ ហៀង គឹមហេង ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះ គង់ ប្រុសខួច ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ អ៊ុល វណ្ណា ហៅណូ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានរត់គេចខ្លួនបាត់។

ករណីនេះបង្កឡើងដោយជនសង្ស័យទាំងពីរនាក់ បានលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ រួមមាន៖ កុំព្យូទ័រឡេបថបចំនួន០១គ្រឿង ,iPad ចំនួន០១គ្រឿង, ម៉ូតូដោះវ៉ាល់ង់ចំនួន០១គ្រឿង, ម៉ៃស្រូបសម្លេង (ម៉ាញ៉េទិកសម្លេង)

ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះឈ្មោះ ហៀង គឹមហេង កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលកំពង់ឆ្នាំង ធ្វើការស្រាវជ្រាវ និងតាម ដានយ៉ាងសម្ងាត់ រហូតដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះ គង់ ប្រុសខួច បាននៅចំណុចផ្ទះជួលក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើលួចនេះមែន។ បច្ចុប្បន្ន ជនសង្ស័យចំនួន០១នាក់ ត្រូវបានឃាត់ខ្លួន និងបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿង និងបន្តនីតិវិធីតាមច្បាប់។ ចំណែកជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវ និងតាមចាប់ខ្លួនយ៉ាងយកចិត្តទុកដាក់ ដើម្បីនាំមកផ្តន្ទាទោសតាមផ្លូវច្បាប់។

សមត្ថកិច្ចបានអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងដំឡើងវិធានការសន្តិសុខក្នុងទីតាំងស្នាក់នៅ ដើម្បីការពារការកើតមានអំពើ លួចបន្ថែមទៀត។