កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី នីតិវិធីបច្ចេកទេសនៃការអនុវត្តប្រព័ន្ធ SARMIS ជំនាន់ថ្មី (Version 2) ជូនដល់តំណាងមន្ទីរ-អង្គភាពជំនាញ និងរដ្ឋ បាលខេត្តក្នុងខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់ លោក អ៊ូ ជួបកុសលប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង និង លោក ហ៊ិន សុវ៉ាន់នី អនុប្រធានមន្ទីរ និងមានការចូលរួមពីតំណាងរដ្ឋបាលខេត្ត តំណាងមន្ទីរ- អង្គភាពជំនាញនានាក្នុងខេត្ត ព្រម ទាំងមន្ត្រីជំនាញពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តផងដែរ។
គោលបំណងសំខាន់នៃកិច្ចប្រជុំផ្សព្វ ផ្សាយនេះ គឺដើម្បីបញ្ច្រៀបការយល់ដឹង និងជំនាញក្នុងការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន SARMIS (State Asset Register Management Information System) ជំនាន់ថ្មី (Version 2) ដែលជាប្រព័ន្ធគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមបែបអនឡាញ។ ប្រព័ន្ធនេះត្រូវបានអភិវឌ្ឍដោយអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជំនួសប្រព័ន្ធចាស់ដែលផ្អែកលើក្រដាស និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការកត់ត្រា តាមដាន និងគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋ។
ជាមួយនឹងការអនុវត្ត SARMIS Version 2 នេះ ការគ្រប់គ្រងទ្រព្យ សម្បត្តិរដ្ឋ (ដូចជាដីធ្លី អគារ និងទ្រព្យសម្បត្តិផ្សេងទៀត) នឹងកាន់តែមានភាពច្បាស់លាស់ ត្រឹមត្រូវស័ក្តិ សិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមនីតិវិធីបច្ចេកទេស និងច្បាប់ស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។ ប្រព័ន្ធនេះក៏ជួយធានាបាននូវការតភ្ជាប់ទិន្នន័យជាមួយប្រព័ន្ធផ្សេង ទៀតក្នុងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាផ្នែកមួយនៃកំណែទម្រង់ ហិរញ្ញវត្ថុសាធារណៈ (PFMRP) របស់រាជរដ្ឋា ភិបាលកម្ពុជា។
ក្នុងកិច្ចប្រជុំ បានពិភាក្សាលម្អិតលើនីតិវិធីបច្ចេក ទេស រួមមានការចូលប្រើប្រាស់ប្រព័ន្ធ ការបញ្ចូលទិន្នន័យ កែសម្រួល ត្រួតពិនិត្យ អនុម័ត និងរាយការណ៍ ដើម្បីធានាថាមន្ត្រីពាក់ព័ន្ធទាំងអស់អាចអនុវត្តបានយ៉ាងត្រឹមត្រូវ និងមានប្រសិទ្ធភាព។
កិច្ចប្រជុំនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង ក្នុងការគាំទ្រការឌីជីថលកម្ម និងកែលម្អការគ្រប់គ្រងទ្រព្យ សម្បត្តិរដ្ឋនៅតាមថ្នាក់ក្រោមជាតិ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រកបដោយប្រសិទ្ធភាពកាន់តែខ្លាំងឡើង។
