ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផល នៅបឹងត្រាវធំ

កំពង់ឆ្នាំង៖ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង នៃខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់លែង និងអាជ្ញាធរឃុំច្រណូក ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រចំណុចបឹងត្រាវធំ ភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានប្រទះឃើញឧបករណ៍នេសាទខុសច្បាប់ ជាពិសេសរបាំងស្បៃមុង ដែលជាបទល្មើសធ្ងន់ធ្ងរបំផ្លាញធនធានជលផល និងហាមឃាត់ដាច់ខាតតាមច្បាប់។ ភ្លាមៗនោះ ក្រុមការងារបានឯកភាពគ្នា ចុះរុះរើ កាប់ និងបំផ្លាញចោលវត្ថុតាងទាំងស្រុង នៅនឹងកន្លែង ដើម្បីការពារប្រភេទត្រី និងសត្វទឹកផ្សេងទៀត ជាពិសេសក្នុងរដូវពងកូន។

លទ្ធផលសម្រេចបានពីប្រតិបត្តិការរួមមាន៖ របាំងស្បៃមុងចំនួន១៣ កន្លែង ប្រវែងសរុប ៣៩០ ម៉ែត្រ, លបលូ (ឬលូស្បៃមុង) ចំនួន ១៥មាត់, បង្គោលចំនួន ២០០ដើម,ចាក់លែងត្រីចម្រុះប្រមាណ ១០គីឡូក្រាម ចូលទៅក្នុងបឹងវិញ ។

សកម្មភាពនេះ គឺជាផ្នែកមួយនៃការបន្តខិតខំរបស់អាជ្ញាធរមូលដ្ឋាន និងរដ្ឋបាលជលផលក្នុងការទប់ ស្កាត់បទល្មើសនេសាទខុសច្បាប់ ដើម្បីរក្សាស្ថិរភាពធនធានជលផល និងធានាប្រភពចំណូលប្រកបដោយនិរន្តរភាពសម្រាប់ប្រជានេសាទ។ អាជ្ញាធរបានអំពាវនាវឱ្យប្រជាពលរដ្ឋ និងប្រជានេសាទទាំងអស់ ចូលរួមគោរពច្បាប់ និងមិនប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដើម្បីរួមគ្នាការពារធនធានធម្មជាតិ៕