លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានណែនាំឱ្យម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងទាំងនោះ ត្រូវត្រួតពិនិត្យឯកសារស្នាក់នៅស្របច្បាប់របស់ជនបរទេសមុនអនុញ្ញាតឱ្យស្នាក់នៅ

បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំត្រូវទទួលខុសត្រូវខ្ពស់ក្នុងការគ្រប់គ្រង ជនបរទេសដែលស្នាក់នៅក្នុងទីតាំងរបស់ខ្លួន។

លោកបានលើកឡើងបែបនេះនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ជូនដល់ម្ចាស់ទីតាំង សណ្ឋាគារ ផ្ទះសំណាក់ និងសហគ្រាសដែលជាទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងទាំងនោះ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។

លោក អ៊ុំ រាត្រី បានបញ្ជាក់ថា មុននឹងអនុញ្ញាតឱ្យ ជនបរទេសស្នាក់នៅក្នុងទីតាំងស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន ម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងត្រូវតម្រូវឱ្យជនបរទេសផ្តល់ឯកសារបញ្ជាក់អំពីសិទ្ធិស្នាក់នៅស្របច្បាប់នៅក្នុងព្រះរាជាណា ចក្រកម្ពុជា។ លោកបានសង្កត់ធ្ងន់ថា «មិនត្រូវអនុញ្ញាតឱ្យជនបរទេសដែលចូលមកក្នុងព្រះរាជា ណាចក្រកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្តុំដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួនឡើយ»។

លោកក៏បានណែនាំឱ្យម្ចាស់ទីតាំង សណ្ឋាគារ ផ្ទះសំណាក់ និងសហគ្រាសទាំងនោះត្រូវចូលរួមសហការជាមួយអាជ្ញាធរដែនដី ដោយត្រូវរាយការណ៍អំពីវត្តមានស្នាក់នៅបណ្តោះអាសន្នរបស់ជនបរទេស ក្នុងរយៈពេល២៤ម៉ោងយ៉ាងយូរ ទៅកាន់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬមន្ត្រីនគរបាលមានសមត្ថកិច្ច។

លោកអភិបាលខេត្តបានព្រមានថា បើមានម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងណាមានចេតនាលាក់បាំង ឬអនុញ្ញាតឱ្យជនបរទេសចូលមកដោយខុសច្បាប់ស្នាក់នៅក្នុងទីតាំងរបស់ខ្លួន នឹងត្រូវផាកពិន័យដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ។

ក្នុងឱកាសនោះដែរ លោក គាត់ ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា បច្ចុប្បន្ននេះ ជនបរទេសស្នាក់នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត មានចំនួនសរុប ១២,២៤៩នាក់ (ស្រី ៣,៦៩៤ នាក់) ក្នុងនោះស្នាក់នៅរយៈពេលវែងចំនួន ៩,៤១១នាក់ (ស្រី ២,៧៨២នាក់) មកពី ៦៩ សញ្ជាតិ និងស្នាក់នៅរយៈពេលខ្លីចំនួន ២,៨៣៨នាក់ (ស្រី ៩០២នាក់) មកពី ៤៥សញ្ជាតិ។

កិច្ចប្រជុំនេះ ជាផ្នែកមួយនៃការអនុវត្តអនុក្រឹត្យ លេខ ០៣ របស់រាជរដ្ឋាភិបាល ដែលមានគោល បំណងធានាសន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈនៅតាមទីតាំងរស់នៅប្រមូលផ្តុំ ជាពិសេសនៅតំបន់ព្រំដែនដែលមានចរាចរណ៍ជនបរទេសច្រើន។