កំពង់ឆ្នាំង៖សាលាបឋមសិក្សាអនុវត្ត ក្រុងកំពង់ឆ្នាំង បានទទួលពានរង្វាន់ជ័យលាភីចំនួន២ ក្នុងពានរង្វាន់សម្តេចតេជោសែន សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ រួមមាន នាយកល្អចំណាត់ថ្នាក់ លេខ៨ និងគ្រូល្អចំណាត់ថ្នាក់លេខ១។
ពានរង្វាន់ទាំងនេះ ត្រូវបានប្រគល់ជូនជាផ្លូវការ ក្រោយពីគណៈកម្មការវាយតម្លៃបានចុះពិនិត្យ វាយតម្លៃលើគុណវុឌ្ឍិ កិច្ចការបង្រៀនរៀនសូត្រ និងការគ្រប់គ្រងដឹកនាំសាលារៀនរួចបានប្រកាស ជ័យលាភីផ្លូវការនៅក្នុងអង្គសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាសិក្សា២០២៤- ២០២៥ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៥-២០២៦ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា។
ដើម្បីអបអរសាទរ និងលើកទឹកចិត្តកិត្តិយសដល់សាលារៀន ក៏ដូចជាខេត្តកំពង់ឆ្នាំងទាំងមូល រដ្ឋបាលក្រុងកំពង់ឆ្នាំង សហការជាមួយសាលា បឋមសិក្សាអនុវត្ត បានរៀបចំពិធីដង្ហែពានរង្វាន់ជ័យលាភីនេះ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម គិត ចន្ទសីហា គ្រូបង្គោលប្រចាំតំបន់៣ លេខាធិការដ្ឋានគណៈកម្មការវាយតម្លៃ (គ.វ.អ) លោក ម៉ៅ សំណាង អភិបាលរងក្រុងកំពង់ឆ្នាំង លោក ប៉ិច សារ៉ាត់ នាយកសាលាបឋមសិក្សាអនុវត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហគមន៍ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។
ពិធីដង្ហែពានរង្វាន់នេះ បង្ហាញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ និងសហគមន៍ ក្នុងការលើកកម្ពស់គុណភាពអប់រំ និងជាការលើកទឹកចិត្តឱ្យមានការបន្តខិតខំបន្ថែមទៀត ដើម្បីអភិវឌ្ឍវិស័យអប់រំនៅតំបន់ក្នុងខេត្តកំពង់ឆ្នាំង។
