កំពង់ឆ្នាំង៖ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមទិសដៅការងាររបស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៦ មន្ត្រីនគរបាលការិយាល័យជំនាញ ការិយាល័យនគរបាលចរណ៍ផ្លូវទឹក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចុះល្បាតត្រួតពិនិត្យ និងធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់ម្ចាស់ជលយានយន្ត(ទូក កាណូត និងមធ្យោបាយផ្សេងទៀត) ដែលធ្វើចរាចរណ៍តាមផ្លូវទឹក នៅភូមិកណ្តាល និងភូមិចុងកោះ ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ព្រមទាំងនៅ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
កម្លាំងការិយាល័យនគរបាលចរណ៍ផ្លូវទឹក ដឹកនាំដោយ លោកវរសេនីយ៍ឯក កែវ រតនា នាយការិ យាល័យ បានផ្សព្វផ្សាយ និងណែនាំជាក់ស្តែងដល់ម្ចាស់ជលយានយន្ត និងអ្នកប្រើប្រាស់ផ្លូវទឹក ឱ្យគោរពច្បាប់ចរាចរណ៍ផ្លូវទឹក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងរក្សាសុវត្ថិភាពសហគមន៍។
ចំណុចសំខាន់ៗដែលបានផ្សព្វផ្សាយ រួមមាន៖
១. មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹងឡើយ។
២. ហាមឃាត់ក្មេងអាយុក្រោម ១៥ ឆ្នាំ បើកបរជលយានយន្ត។
៣. មិនត្រូវបើកបរលឿនខ្លាំងក្នុងទីប្រជុំជន។
៤. គ្រប់ជលយានយន្តត្រូវបើកបរប្រកាន់ស្តាំជានិច្ច។
៥. ត្រូវបំពាក់ភ្លើងហ្វាបំភ្លឺនៅពេលយប់។
៦. មិនត្រូវដាក់សម្ភារៈ ទំនិញ ឬមនុស្សលើសចំណុះ។
៧. មុនចេញដំណើរ ម្ចាស់កាណូតត្រូវត្រៀមឧបករណ៍សង្គ្រោះដូចជា ពោងសង្គ្រោះ ម៉ាស៊ីនបូមទឹក បំពង់ពន្លត់អគ្គិភ័យ ថ្នោលសម្រាប់ដោល និងអ្នករួមដំណើរត្រូវពាក់អាវពោងសុវត្ថិភាពទាំងអស់គ្នា។
៨. គ្រប់អាជីវករលក់ដូរនៅលើទូកតាមមាត់ច្រាំងទន្លេ ត្រូវជួយសម្អាតអនាម័យឱ្យបានស្អាត។
ការចុះល្បាត និងផ្សព្វផ្សាយនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាល ក្នុងការធានាសុវត្ថិភាពចរាចរណ៍ផ្លូវទឹក និងការពារជីវិតប្រជាពលរដ្ឋ ជាពិសេសនៅតំបន់មានការធ្វើចរាចរណ៍តាមទន្លេខ្ពស់។ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា នឹងបន្តកិច្ចប្រតិបត្តិការបែបនេះជាប្រចាំ ដើម្បីលើកកម្ពស់វប្បធម៌គោរពច្បាប់ និងកាត់បន្ថយគ្រោះថ្នាក់។
