កំពង់ឆ្នាំង៖អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ជូនសមា ជិកចំនួន៣គ្រួសារ សរុបចំនួន ១៨,០០០,០០០រៀល (ដប់ប្រាំបីលានរៀល)។
ថវិកានេះត្រូវបានប្រគល់ជូនដល់គ្រួសារសពដែលជាសមាជិកនៃសមាគម ដែលបានទទួលមរណភាពក្នុងឆ្នាំ២០២៥ ដោយជំងឺផ្សេងៗ ដើម្បីជួយឧបត្ថម្ភដល់ក្រុមគ្រួសារក្នុងការប្រឈមនឹងការលំបាក។ លម្អិតដូចខាងក្រោម៖
១. លោកស្រី ម៉ៅ ល័ក្ខណា ជាកូនបង្កើតរបស់ សពលោកវរសេនីយ៍ត្រី ម៉ៅ ឌីណា អតីតនាយផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកទឹកផុស (បច្ចុប្បន្នចូលនិវត្តន៍) ដែលបាទទួល មរណភាពនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយជំងឺលើសសម្ពាធឈាម ទទួលបានថវិកា ៦,០០០,០០០រៀល (ប្រាំមួយលានរៀល)។
២. លោកស្រី មុត ស៊ីថា ជាភរិយារបស់សពលោកអនុសេនីយ៍ឯក ឈុំ ដន អតីតអធិការរង នៃអធិការដ្ឋាននគរបាលស្រុកកំពង់លែង (បច្ចុប្បន្នចូលនិវត្តន៍) ដែលបានទទួលមរណភាពនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយជំងឺទឹកនោមផ្អែម ទទួលបានថវិកា ៦,០០០,០០០រៀល (ប្រាំមួយលានរៀល)។
៣. លោកស្រី សុខ ណាយ ជាភរិយារបស់សព អនុសេនីយ៍ឯក ព្រំ ទិត្យ អតីតនាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ (បច្ចុប្បន្នចូលនិវត្តន៍) ដែលបានទទួលមរណភាពនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយជំងឺលើស សម្ពាធឈាម ទទួលបានថវិកា ៦,០០០,០០០រៀល (ប្រាំមួយលានរៀល)។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានសំណេះសំណាលជាមួយក្រុមគ្រួសារសព សំដែងនូវការអាឡោះអាល័យ និងសោកស្តាយចំពោះការបាត់បង់ស្វាមី និងឪពុកដ៏ល្អ ព្រមទាំងពាំនាំប្រសាសន៍រំលែកទុក្ខពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា និង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិ ការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជា។
ពិធីនេះបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្រ ពីស្ថាប័ននគរបាលជាតិចំពោះក្រុមគ្រួសារមន្ត្រីដែលបានបម្រើការងារជូនជាតិ និងប្រជាជន រួមទាំងការជួយឧបត្ថម្ភដល់អ្នកដែលប្រឈមនឹងការលំបាក។


